ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ដឹកនាំប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុក ប៊ុនថុន សមាជិកក្រុមប្រឹក្សាខេត្ត
ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២០ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបូជាសព លោកសុក ប៊ុនថុន សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។ពិធីបូជាសពនេះប្រារព្ធធ្វើនៅវត្តប្រជុំនទី (ហៅវត្តក្រពើហារ) ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ព្រមទាំងមន្ត្រីរាជការទាំងអស់បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។មរណភាពរបស់លោក សុក ប៊ុនថុន គឺជាការបាត់បង់បុគ្គលដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើជាតិ៕