សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាមន្រ្តីមុខងារសាធារណៈ ទាំងស៊ីវិល ទាំងនគរបាល ក្នុងពេលបំពេញការងារ គឺត្រូវបំពេញតាមតួនាទីជាមន្រ្តីមុខងារសាធារណៈ ដោយមិនត្រូវបែងចែកប្រជាជន ទោះបីប្រជាជននោះជាអ្នកមាននិន្នាការគាំទ្រ គណបក្សណាក៏ដោយ។ជាការពិត មន្រ្តី និងនគរបាលក៏មានសិទ្ធិធ្វើការងារនយោបាយដែរ ប៉ុន្តែការងារនោះត្រូវធ្វើក្រៅពីការងារក្នុងម៉ោងរដ្ឋ ហើយសម្រាប់ម៉ោងរដ្ឋ គឺគ្មាននយោបាយទេនោះទេ គឺមានតែការបំរើប្រជាពលរដ្ឋទូទៅ។
សម្តេចបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហាEBAវិញ កម្ពុជានៅតែមានជំហរ និងការតាំងចិត្តខ្ពស់ក្នុងការជំនះរាល់បញ្ហាប្រឈមមួយចំនួន ដែលកើតឡើងដោយសារការដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយបានគិតគូរ និងដាក់ចេញវិធានការដោះស្រាយយ៉ាងជាក់លាក់ ទន្ទឹមគ្នានឹងការដោះស្រាយផលវិបាកកើតចេញពីវិបត្តិជំងឺឆ្លងសាកលកវីដ១៩ ហើយថាកម្ពុជានៅតែបន្តមានទំនាក់ទំនងល្អជាមួយអឺរ៉ុប។
ជាមួយគ្នានោះដែរសម្ដេចក៏បានថ្លែងកោតសរសើរ លោកស្នងការនគរបាលខេត្ត ដែលបានខិតខំកៀងគរថវិកាពីសប្បុរសជន ដើម្បីសាងសង់អគារស្នងការដ្ឋាននគរបាលខេត្ត ដោយមិនបានចំណាយថវិការដ្ឋនោះឡើយ រហូតអាចកែប្រែទីនេះ ពីដីចំការម៉ៃសាក់ទៅជាស្នងការដ្ឋាននគរបាលខេត្តដ៏ល្អប្រណិត។ទន្ទឹមនោះសម្ដេចបានណែនាំឱ្យចុះបញ្ជីដី និងអគារស្នងការនេះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ដោះដូរទៅថ្ងៃអនាគតឡើយ ពោលគឺថ្វីដ្បិតថាស្នងការដ្ឋាននេះ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ថវិកាទាំងស្រុងពីសប្បុរសជន ប៉ុន្តែវាបានក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋទៅហើយ ដូច្នេះការចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីថែរក្សាទីនេះឱ្យបានគង់វង្សតទៅមុខ គឺជាការថែរក្សាមរតក និងស្នាដៃរបស់ស្ថាបនិក និងសប្បុរសជន។
ក្នុងនោះសម្ដេចបានណែនាំឱ្យរដ្ឋបាលខេត្តខិតខំពិនិត្យលទ្ធភាពពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងបន្តកៀងគរការចូលរួមវិភាគទានពីសប្បុរសជន ដើម្បីអភិវឌ្ឍន៍ខេត្តបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលក៏បានរៀបចំផែនការ និងដាក់ចេញការអភិវឌ្ឍន៍ខេត្តនេះជាបន្តបន្ទាប់ដែរ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ទីតាំងស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានសាងសង់លើផ្ទៃដីទំហំ៦៥ពាន់៤ម៉ែការ៉េ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំងាយប្រមាណ១គីឡូម៉េត្រពីសាលាខេត្តត្បូងឃ្មុំ ជាអតីតដីចំការម៉ៃសាក់ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៨ ហើយប្រើរយៈពេលសាងសង់សរុប២០ខែទើបរួចរាល់ជាស្ថាពរ ទាំងអគារ និងហេដ្ឋារចនាសម្ព័ន។
លោកបញ្ជាក់ទៀតថា សមិទ្ធផលសម្ពោធនៅថ្ងៃនេះរួមមាន អគារបំពេញការងារតាមផែនជំនាញចំនួន៧អគារ, សាលប្រជុំ១អគារ, អគារស្នាក់នៅសម្រាប់កងអន្តរាគមន៍ពិសេស និងកម្លាំងពន្លត់អគ្គីភ័យ២អគារ, អហារដ្ឋានចំនួន២, ជម្រកស្នាក់នៅបណ្ដោះអាសន្នសម្រាប់កងកម្លាំង, អគារឃាត់ខ្លួនបណ្ដោះអាសន្ន, រោងរថយន្ត៥ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន របងបេតុងព័ទ្ធជុំវិញប្រវែងជាង១ពាន់ម៉ែត្រ ក្លោងទ្វារចំនួន៣ ផ្លូវ និងទីធ្លាចាក់បេតុង ប្រព័ន្ធទឹកភ្លើងក្រោមដី អណ្ដូងទឹក ស្លាកអនុសាសន៍ថ្នាក់ដឹកនាំកំពូល ស្លាកអំពីប្រវត្តិស្ថាបនិក និងសប្បរសជន ព្រមទាំងសួនច្បារលម្អរ សរុបថវិកាចំណាយអស់១លាន៣៨៤ពាន់១៦៨ដុល្លារអាមេរិក៕