អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភាពទេសចរណ៍ និងការទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវិដ-១៩
ខេត្តកែប៖ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅសាលាខេត្តកែប កាលពីព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាពជុំវីញខេត្ត ជាពិសេសមន្ទីរទេសចរណ៍ខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ចុះផ្សព្វផ្សាយពីគោលការណ៍ ក៏ដូចជាវិធានការនានាក្នុងកិច្ចការពារ អនាម័យខ្លួនប្រាណ រក្សាគម្លាតសង្គម ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ក្រុមការងារថ្នាក់ខេត្ត ជាពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវតែណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ក្នុងមូលដ្ឋាន ត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ទៅលើបញ្ហាអនាម័យ គ្រប់មូលដ្ឋានទាំងអស់ ត្រូវដាក់ទឹកអាកុលជាប្រចាំ សម្រាប់ភ្ញៀវប្រើប្រាស់ ត្រូវមានឧបករណ៍សម្រាប់វាស់កំដៅ រៀបចំកន្លែងអង្គុយឲ្យមានគម្លាតសង្គម ភ្ញៀវត្រូវប្រើម៉ាស ឬក្រម៉ា ឲ្យបានជាប្រចាំ ត្រូវរៀបចំឲ្យមានការបាញ់អាកុល ឬជែលសំលាប់មេរោគ។
លើសពីនេះ ឯកឧត្តមបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវ អប់រំ ណែនាំបន្តជាប្រចាំដល់បងបង្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅខេត្តកែប ចៀសវាងការជួបជុំជាក្រុមធំៗ ត្រូវរក្សាគំលាតសុវត្ថិភាពយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ជាពិសេសត្រូវវាស់កម្តៅ គ្រប់ភ្ញៀវទេសចរទាំងអស់ ដើម្បីជៀសផុតពីការឆ្លង និងត្រូវពង្រឹងសុវត្ថិភាពមូលដ្ឋានអាជីវកម្មរបស់ខ្លួន៕