កិច្ចប្រជុំផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិប្បកម្មផលិតទឹកកក ទឹកកកអនាម័យ ក្នុងខេត្តកណ្តាល
ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិប្បកម្មផលិតទឹកកក ទឹកកកអនាម័យ ក្នុងខេត្តកណ្តាលនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក ហួត វណ្ណថូ ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល បានជំរុញឲ្យម្ចាស់សហគ្រាស និងសិប្បកម្មផលិតទឹកកក ទឹកកកអនាម័យ ក្នុងខេត្តកណ្ដាល ត្រូវបន្តគិតគូរលើបញ្ហាគុណភាព សុវត្តិភាពផលិតផលឲ្យស្របតាមស្តង់ដារ តាមលក្ខណៈបច្ចេកទេសដែលក្រសួងបានណែនាំ ដើម្បីធានាបាននូវសុខសវត្តិភាពដល់អ្នកប្រើប្រាស់ ជៀសវាងពីការផាកពិន័យនានាតាមច្បាប់កំណត់។
លោក ហួត វណ្ណថូ បានបញ្ជាក់ថា គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះគឺ ចង់ផ្សព្វផ្សាយដល់ម្ចាស់សហគ្រាស សិប្បកម្ម ផលិតទឹកកក ទឹកកកអនាម័យទាំងអស់ឲ្យយកចិត្តទុកដាក់ ដោយត្រូវធានាថាផលិតផលទាំងនោះគឺផលិតឡើង តាមស្តង់ដារ មានគុណភាពអនាម័យ ធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។
នាឱកាសនោះលោកប្រធានមន្ទីរក៏បានធ្វើការណែនាំ និងលើកទឹកចិត្ត ដល់ម្ចាស់សហគ្រាស សិប្បកម្មផលិតទឹកកក ទាំងអស់ ត្រូវមានការត្រួតពិនិត្យជាប្រចាំលើសង្វាក់ផលិតកម្មរបស់ខ្លួន ជាពិសេសត្រូវអនុវត្តឲ្យបានតាមគោលការណ៍ស៥ គឺសម្រិតសម្រាំង សណ្ដាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថេរភាព ដើម្បីលើកកម្ពស់គុណភាពផលិតផល កាត់បន្ថយថ្លៃដើម ធ្វើឲ្យការផលិតផលបានលឿន និងសុវត្ថិភាព។
ក្នុងកិច្ចប្រជុំនេះដែរ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្មខេត្តបានឲ្យដឹងថា ចំពោះការធ្វើអនាម័យរបស់សហគ្រាសធុនតូចសិប្បកម្មផលិតទឹកកកដើម និងអនាម័យ គឺត្រូវគោរពតាមគោលការណ៍ណអណាម័យចំនួន៣ចំណុចគឺ
ចំនុចទី១/ផ្តោតលើអនាម័យទីតាំងផលិតកម្ម វត្ថុធាតុដើម និងខ្សែសង្វាក់ផលិតកម្ម ត្រូវតែស្អាត និងមានអនាម័យ ត្រូវមានភ្លើងបំភ្លឺសមស្រប មានបណ្ដាញលូបង្ហូរទឹកឬកាកសំណល់ចោរ ត្រូវមានបន្ទប់ទឹកធំទូលាយ មានកន្លែងសម្រាប់លាងដៃជើងមុននឹងចូលធ្វើការ ត្រូវមានឧបករណ៍សម្រាប់ចាប់ឬការពារសត្វល្អិត មានសីតុណ្ហភាពសមស្រប ។
ចំណុចទី២/ការធ្វើអនាម័យបុគ្គលិក ឬកម្មករ ត្រូវមានការបណ្ដុះបណ្ដាលផ្នែកអនាម័យខ្លួនប្រាណដល់បុគ្គលិកកម្មករ កម្មករ ត្រូវមានសម្លៀកបំពាក់ និងស្បែកជើងស្អាតក្នុងពេលបំពេញការងារ ។ ចំណុចទី៣/គឺការធ្វើអនាម័យសម្ភារៈវេចខ្ចប់ផលិតផលសម្រេច សំបកវេចខ្ចប់ត្រូវធ្វើឡើងឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងជៀសវាងការចម្លងមេរោគនិងភាពកខ្វក់៕