ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បទបញ្ជាលេខ០១ បប របស់រាជដ្ឋាភិបាលកម្ពុជា វិធានការទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម បាតុកម្ម ខុសច្បាប់
ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជដ្ឋាភិបាលកម្ពុជា ស្ដីពីការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញាសម្រាប់ឆ្នាំ២០២០-២០២៤។អធិបតីភាពដ៏ខ្ពង់ខ្ពស់ ដែលបាន។
កិច្ចប្រជុំផ្សព្វផ្សាយនេះប្រព្រឹត្តទៅនៅសាលាខេត្តកណ្តាល ដែរមានការអញ្ជើញចូលរួមពី៖ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងជាប្រតិភូអមដំណើរ ឯកឧត្តម ឡុង ដារ៉ា មេធាវីរាជរដ្ឋាភិបាល និងជាសមាជិកគណៈកម្មការសម្រាប់ ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត មន្រ្តីរាជការ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ៥០០នាក់។
កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង ដើម្បីបង្កើនភាពច្បាស់លាស់ និងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មការងារតាមតួនាទី ភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធ បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់លាស់អំពីនីតិវិធី និងវិធានការទប់ស្កាត់រាល់អំពើហឹង្សាដែលអាចនឹងកើតឡើងជាបាតុកម្ម កូដកម្ម ពិសេសបានពង្រឹងសមត្ថភាពដល់មន្រ្តីទទួលបន្ទុកដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ដែលមាននៅតាមគ្រប់មុខសញ្ញា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាពបន្ថែមទៀត៕