ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ៖ថ្ងៃឈប់សំរាកក្នុងខែសីហា សងចូលឆ្នាំប្រពៃណីខ្មែរ ស្នើឲ្យអាជ្ញាធខេត្ត ចាត់វិធានការទប់ស្កាត់និងបង្កាជំងឹកូវិដ-១៩ ឲ្យបានម៉ត់ចត់ តាមកែណែនាំរបស់ក្រសួងសុខាភិបាល
ខេត្តកំពត៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល២ខែកន្លងមក និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលសន្និសីទសាលាខេត្តកំពត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារដែលដូចខាងក្រោម៖
១.នៅក្នុងខែសីហានេះ រាជរដ្ឋាភិបាលនឹងសងថ្ងៃឈប់សំរាកពេលចូលឆ្នាំប្រពៃណីខ្មែរ កំឡុងពេលនោះប្រជាពរលដ្ឋនឹងមានការធ្វើដំណើរច្រើនចេញពីរាជធានីភ្នំពេញ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រួមានខេត្តកំពត កែប ព្រះសីហនុ និងសៀមរាប ស្នើសុំឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់និងបង្កាជំងឹកូវិដ-១៩ ឲ្យបានម៉ត់ចត់តាមកែណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ខ្លាចមានការឆ្លងជាលក្ខណៈសហគមន៍។
២.ស្នើសុំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺគ្រុន ឈីក ដែលកំពុងរាតត្បាតតាមខេត្តមួយចំនួនក្នុងនោះមានខេត្តកំពតផងដែរ ។
៣.ក្រុមការងារទាំងអស់បានចុះពិនិត្យនិងគាំទ្រដំណើរការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រកំឡុងពេលជំងឺកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានចំនួន៥.១១៣ក្នុងនោះ ក្រ១ ចំនួន២.៦៤៣គ្រួសារ ក្រ២ ចំនួន២.៤៧០គ្រួសារ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាសរុបចំនួន ៦.៨៩០.១២៨.០០០រៀល។
៤.ពាក់ព័ន្ធនឹងការងារទឹកស្អាតខេត្តកំពត មានប្រភពទឹកដូចជា ទំនប់កំចាយ ទំនប់ប្រទាក់ក្រឡា និងទំនប់ម្លិច ដែលបានផ្គត់ផ្គង់ទឹកស្អាតដល់ក្រុង ស្រុក រួមមានក្រុងកំពត ទឹកឈូ កំពង់ត្រាច ដងទង់ ឈូក។សម្រាប់ផ្គត់ផ្គង់ក្រុងកំពតធានាឲ្យបានគ្រប់គ្រាន់ នឹងមានការសាងសង់រោងចក្រទឹកស្អាតមួយកន្លែងទៀតនៅដី ព្រលានយន្តហោះខេត្តកំពត ចំនួន៥ហិកតា។
៥.បញ្ហាស្រែអំបិល នៅមានការបំពានលើដីស្រែអំបិល ចាក់ដីលុបសាងសង់ផ្ទះ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ ដោយកន្លងមកការផលិតអំបិលរង ការប៉ះពាល់ដោយសារការខ្វះកម្លាំងពលកម្ម។ រាជរដ្ឋាភិបាល ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកំពុងពិចារណាបញ្ហានេះ។
៦.ស្នើសុំឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំជាមួយលោកអភិបាលក្រុងស្រុក ពិភាក្សាដោះស្រាយនូវបញ្ហាដែលនៅសេសសល់ពីវេទិកាសាធារណៈ និងកំណត់ឲ្យច្បាស់ពីសំណូមពរ និងតម្រូវការនីមួយៗនិងមានភាពជាក់លាក់ ជូនទៅឯកឧត្តមប្រធានដើម្បីធ្វើការដោះស្រាយនៅថ្នាក់ជាតិជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរកលទ្ធភាពដោះស្រាយនូវបញ្ហាទាំងនោះឲ្យមានប្រសិទ្ធភាព។
៧.ឯកឧត្តមស្នើសុំក្រុមលេខាធិការដ្ឋាន រៀបចំបំពេញតារាង Matrix អំពីការធ្វើវេទិកាសាធារណៈតាម បណ្តាមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយស្នើសុំឲ្យក្រុមការងារក្រុង ស្រុក បំពេញតារាងនេះឲ្យបានឆាប់រហ័ស ដើម្បីបង្ហាញឲ្យឃើញពីលទ្ធផលនៃការធ្វើវេទិកាកន្លងមក។
ក្នុងឱកាសនោះដែរឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំប្រជុំដោយ គូសបញ្ជាក់ពីសភាពការណ៍ទូទៅរបស់រដ្ឋបាលខេត្តរួមមាន វិស័យសេដ្ឋកិច្ច សង្គមកិច្ច ការផ្តល់សេវាររដ្ឋបាលសាធារណៈ ពិសេសការទប់ស្កាត់និងការបង្ការជំងឺកូវីដ-១៩ ។ទាក់ទងទៅនឹងការងារវេទិកាសធារណៈនៅក្នុងរយៈពេល២ខែកន្លងមកក្រុមការងារបានទទួលបានធ្វើវេទិកាសធារណៈសរុបចំនួន៣៧លើក លើ៣៧ឃុំ សង្កាត់ មានការចូលរួមពីក្រុមការងារចំនួន៣៩០នាក់ ស្រី៦០នាក់ និងប្រជាពលរដ្ឋចំនួន២.៥៤៤នាក់ ស្រី១.៤៥៦នាក់ ដោយប្រមូលបាននូវបញ្ហាសំណូមពរចំនួន១៤៥ករណី ក្នុងនោះបានដោះស្រាយចំនួន ៨៩ករណី កំពុងដោះស្រាយបានចំនួន៤៩ករណី និងមិនទាន់ដោះស្រាយបានចំនួន៧ករណី៕