រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហា តទៅ
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានចេញប្រកាសព័ត៌មាន សម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលីពីន ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ បន្ទាប់ពីមានករណីនាំចូលកូវីដ១៩ ជាបន្តបន្ទាប់តាមរយៈជើងយន្តហោះមកកាន់ប្រទេសកម្ពុជា។
ក្រសួងសុខាភិបាលបញ្ជាក់ថា ការប្រកាសផ្អាកនេះ បានធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រម ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ហើយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងមក បានរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេបំផុត នៅក្នុងបណ្តាប្រទេសមាជិកអាស៊ាន។
ដូច្នេះអ្នកដំណើរមកពីប្រទេសហ្វីលីពីន ក៏ជាការព្រួយបារម្ភផងដែរ ម្យ៉ាងទៀតកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើងសរុបចំនួន១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានសុខភាពសាធារណៈ៕
ព័ត៌មានលំអិតសូមអាន នូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោម៖