ឯកឧត្តម ជាវ តាយ អញ្ជើញពិនិត្យស្ថានភាពស្ពានដំរីផុង និងជួបសំណេះសំណាល ជាមួយពលរដ្ឋ នៅស្រុកទឹកឈូ
ខេត្តកំពត៖ក្នុងឱកាសចុះពិនិត្យស្ថានភាពស្ពានដំរីផុង ដែលមានសភាពចាស់ទ្រុឌទ្រោម និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀល ថ្ងៃសុក្រ ១១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានផ្ដល់ស្ពានឈើថ្មីប្រវែង ៤១ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងប្រជាពលរដ្ឋ នឹងត្រូវចាប់ផ្ដើមសាងសង់នាពេលឆាប់ៗក្នុងឆ្នាំ២០២០នេះ។ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត នឹងស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសាងសង់ស្ពានដំរីផុងនេះទៅជាស្ពានបេតុង ជំនួសស្ពានឈើ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកនាឱកាសនេះ។
សូមបញ្ជាក់ថា ស្ពានដំរីផុងបានសាងសង់តាំងពីសម័យសង្គមរាស្រ្តនិយម និងបានជួសជុលប្រើប្រាស់ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២០ ស្ពាននេះចាស់ទ្រុឌទ្រោមខ្លាំង ស្ទើរតែមិនអាចធ្វើដំណើរឆ្លងកាត់បាន ។
ក្នុងឱកាសនោះដែរ តំណាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ក៏បានសំដែងការអរគុណដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ពីទុក្ខលំបាក ខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ទូទាំងប្រទេស ដើម្បីជួយលើកកម្ពស់ជីវភាពនឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
បញ្ចប់នៃកម្មវិធីឯកឧត្តមអភិបាលខេត្ត បានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៣អង្គ ក្នុង១អង្គថវិកាចំនួន៥ម៉ឺនរៀល និងជូនពលរដ្ឋក្នុងមួយនាក់១នាក់១ម៉ឺនរៀល សរុបចំនួន២.៣៧០.០០០រៀល៕