ពលរដ្ឋ រងគ្រោះដោយសារគ្រោះធម្មជាតិ និងចាស់ជរាគ្មានទីពឹង ចំនួន៣១៤គ្រួសារ នៅស្រុកអង្គរជុំ ទទួលលអំណោយពីលោកស្រី អភិបាលរងខេត្តសៀមរាប
ខេត្តសៀមរាប៖លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត កាពីថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយដែលបាន និងកំពុងរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងចាស់ជរាគ្មានទីពឹងនៅបរិវេណវត្តចេកក្អូវឃុំស្រែខ្វាវ ស្រុកអង្គរជុំ និងបរិវេណវត្តប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។
ការផ្ដល់អំណោយជូនដល់ពួកគាត់នាពេលនេះ គឺជាការចែករំលែក ដើម្បីជួយសម្រាលការលំបាក និងការជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ និងគណបក្សនយោបាយណាមួយឡើយ។
អំណោយដែលបានផ្ដល់ជូនពេលនេះ មានដូចជាគ្រឿងឧបភោគបរិភោគ ជូនដល់ លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋជួបការលំបាកដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាចាស់ជរា ក្រីក្រគ្មានទីពឹង ស្ថិតក្នុងភូមិសាស្រ្តស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន១៧៥គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន អង្ករចំនួន២០គីឡូក្រាម មីម៉ាម៉ា ចំនួន០១កេស ប៊ីចេង២.៥គីឡូក្រាម ចំនួន០១ថង់ ទឹកស៊ីអ៊ីវ និងទឹកត្រី ចំនួន០១យួរ ត្រីខកំប៉ុង ចំនួន០១យួរផងដែរ៕