ពលរដ្ឋងាយរងគ្រោះ ចំនួន១៣២គ្រួសារ នៅស្រុកបុរីអូរស្វាយសែនជ័យ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តយសសាខា លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន១៣២គ្រួសារ មកពីភូមិចំនួន១០ នៃឃុំព្រះរំកិល និងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានពាំនាំនូវក្តីនឹករលឹក ស្រលាញ់អាណិតពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតជីវភាពប្រជាចាំថ្ងៃ ជាពិសេសនៅក្នុងឱកាសនៃជំងឺកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈសាខាកាកបាទក្រហមខេត្ត ដែលមានឯកឧត្តមជាប្រធានសាខា បាននាំយកអំណោយមនុស្សធម៌រួមមាន៖
មួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម ត្រីខ១យួរ មី១កេស និងឃីដមួយ (មានមុង១ ភួយ១ ក្រម៉ា១ សារុង១ និងអាវយឺត១) រួមទាំងថវិកាមួយចំនួនជូនដល់ចាស់ជរាផងដែរ៕