ភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យស្រុកអន្លង់វែងទឹកជនលិច ស្ទើឈានចូលដល់ការប្រកាសអាសន្ន
ខេត្តឧត្តរមានជ័យ៖ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់ពីថ្ងៃទី៣ រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បង្កឲ្យមានទឹកជំនន់ហក់ឡើងខ្លាំង ដោយមានកម្ពស់ប្រមាណ៣.៨៣សង់ទីម៉ែត្រ ស្ទើរតែជន់លិចស្ពានអូរជីក នៅចំណុចបឹងតាម៉ុក ស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្ទើឈានចូលដល់ការប្រកាសអាសន្ន។
បើតាមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានអូរជីបានរៀបរាប់ថា ជារៀងរាល់ឆ្នាំតែងតែកើតមានទឹកជំនន់ហូរចេញពីបឹងតាម៉ុក ជន់លិចស្ពាន រួមទាំងទីលំនៅឋានរបស់ប្រជាពលរដ្ឋ និងបង្កឱ្យស្ទះចរាចរណ៍ក្នុងការធ្វើដំណើរឆ្លងកាត់ផងដែរ។ជាក់ស្តែងក្នុងរយៈពេល៤ទៅ៥ថ្ងៃកន្លងមកនេះ ត្រូវបានទឹកភ្លៀងធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យទឹកបឹងតាម៉ុកហក់ឡើងខ្លាំង ហូរកាត់ស្ពានអូរជីក ស្ទើរតែជន់លិចទៅហើយ បើទឹកភ្លៀងនៅតែធ្លាក់ទៀតនោះ វាអាចនឹងជន់លិចពុំខានឡើយ។ពួកគាត់សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង។
ពាក់ពន្ធ័បញ្ហាគ្រោះទឹកជំនន់នេះលោក ញើន កួន ប្រធានមន្ទីរធនធានទឹកខេត្ត បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ទឹកបឹងតាម៉ុកបានហក់ឡើងកម្ពស់៣.៨៣សង់ទីម៉ែត្រ និងជិតឈានចូលដល់ការប្រកាសអាសន្ន ខណៈនេះបើទឹកភ្លៀងនៅតែធ្លាក់បន្តទៀតនោះ ទឹកជំនន់អាចឡើងកម្ពស់៤.២០សង់ទីម៉ែត្រ នោះនឹងឈានចូលដល់ការប្រកាសអាសន្នហើយ ហើយក៏ត្រូវជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពផងដែរ ប៉ុន្តែពេលនេះទីតាំងបឹងតាម៉ុក យើងមានទ្វារទឹកមួយកន្លែងសម្រាប់រំដោះទឹកផងដែរ៕