ពិធីបើកវគ្គហ្វឹកហ្វឺន រៀបរយលំហាត់របៀប អប់រំចិត្តសាស្ត្រ យុទ្ធវិធីថ្មើរជើង បច្ចេកទេស និងក្បាច់គុន ជូននាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង
ខេត្តស្វាយរៀង៖ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរៀបរយលំហាត់របៀប អប់រំចិត្តសាស្ត្រ យុទ្ធវិធីថ្មើរជើង បច្ចេកទេស និងក្បាច់គុន ជូននាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង នាព្រឹកថ្ងៃចន្ទ ០៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានផ្តាំផ្ញើដល់កងទ័ពនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១-ត្រូវតែការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត។
២-ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី។
៣-ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ទាំងនៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រខេត្ត និងក្របខ័ណ្ឌទូទាំងប្រទេស។
៤-ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។
៥-ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុស ត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ ។
៦-ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្ដែងក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឲ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសការការពារជំងឺឆ្លងជំងឺកូវីដ-១៩។
៧-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជា-ពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនង បង្កើនការជឿជាក់ ការស្រឡាញ់រាបអានពី ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះ មហន្តរាយនានាជាយថាហេតុ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំមកនូវសម្ភារៈ និងថវិកាឧបត្ថម្ភមួយចំនួនរួមមាន៖ ឧបត្ថម្ភដល់សិក្ខាកាមចំនួន១០០នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ឧបត្ថម្ភគ្រូឧទ្ទេស៨នាក់ ម្នាក់ៗថវិកាចំនួន១០ម៉ឺនរៀល ឧបត្ថម្ភវគ្គហ្វឹកហ្វឺននូវអង្ករចំនួន៥០០គ.ក្រ ទឹកស៊ីអ៊ីវចំនួន២០យួរ សាប៊ូប្រូធិចចំនួន១០៨ដុំ ក្រមាចំនួន១០៨ ម៉ាស់ចំនួន៣០០ម៉ាស់ និងផ្ដល់ជូនតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ថវិកាចំនួន១.២០០.០០០រៀលផងដែរ៕