ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋងាយរងគ្រោះចំនួន៦៣គ្រួសារ នៅក្នុងស្រុកសេសាន
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំអនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសេសាន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន៦៣គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតចំនួន ២ភូមិ គឺភូមិភ្លុក និងភូមិបានប៊ុង ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមេគុណខេត្ត អនុគុណខេត្ត ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។
ជាមួយគ្នានេះ ឯកឧត្តម ប្រធាន បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល នារដូវវស្សានេះឲ្យបានទាន់ពេលវេលា និងចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
អំណោយកាកបាទក្រហមកម្ពុជាដែលផ្តល់ជូនដល់ បងប្អូនប្រជាពលរដ្ឋនាពលនេះ ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះទាំង១៧០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករ៣០គីឡូក្រាម មី ១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់ និងថវិកាមួយចំនួនជូនដល់ចាស់ជរា និងជនពិការ៕