ម្តាយហែសមួយភ្លែតកូនអាយុជាង១ឆ្នាំ ដើរធ្លាក់ចូលស្រះទឹកផ្ទះអ្នកជិតខាង ជីកមានជម្រៅជាង១ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តបន្ទាយមានជ័យ៖កូនក្មេងអាយុជាង១ឆ្នាំម្នាក់ ដើរធ្លាក់ចូលស្រះទឹកផ្ទះអ្នកជិតខាងជីកមានជម្រៅជាង១ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ខណៈម្តាយរវល់ងូតទឹកនៅក្នុងបន្ទប់។
នគរបាលមូលដ្ឋានបានឲ្យដឹងថា កុមាររងគ្រោះឈ្មោះឆាង វិឆ័យ ភេទប្រុស អាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះ តឹក ឆាង អាយុ៣៣ឆ្នាំនិងម្តាយឈ្មោះ សាលឹត ស៊ីនេត អាយុ៣២ឆ្នាំ នៅភូមិនៅបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុកុមាររងគ្រោះបានដើរលេងម្នាក់ឯង ដោយគ្មានអ្នកមើល ឪពុករវល់ទៅមើលស្រែ ចំណែកម្តាយរវល់ងូតទឹកនៅក្នុងបន្ទប់ ពេលម្តាយងូតរួចបាត់កូនមិនឃើញបានដើររកកូន ស្រាប់តែឃើញកូនលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម្ម នៅខាងក្រោយផ្ទះអ្នកជិតខាង ឈ្មោះ ហុក រិន ភេទប្រុស អាយុ៥២ឆ្នាំ ចម្ងាយប្រហែល៤០ម៉ែត្រ។
ក្រោយពីលើកកូនយកមកដាក់ផ្ទះ សពកុមាររងគ្រោះ ត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕