ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីក្រោមឱវ៉ាត នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលនិមន្តមកពីវត្តចំនួន១៤វត្ត ទូទាំងក្រុងតាខ្មៅ
ខេត្តកណ្តាល៖នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលនិមន្តមកពីវត្តចំនួន១៤វត្ត ទូទាំងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ពិធីនេះបានប្រារព្វធ្វើនៅវត្តវេឡុការាម (ហៅវត្តព្រែកឬស្សី) ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ទេយ្យទានដែលបានប្រគេនដល់ព្រះ សង្ឃ ដែលនិមន្តមកពីវត្តទាំង១៤ ក្នុងក្រុងតាខ្មៅ ទទួលបានបច្ច័យចំនួន៥០ម៉ឺនរៀល ទៀនព្រះវស្សា១គូ អង្ករ៥០ គីឡូក្រាម ទឹកក្រូច១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ និងស្លាដក់មួយ។លោកយាយជី លោក តាជី ដែលបានអញ្ជើញចូលរួមប្រមាណ១២០នាក់ ឯកឧត្តម ក៏មានសទ្ធារជ្រះថ្លាជូនបច្ច័យក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀលផងដែរ៕