អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអង្គា ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដីសរុប ចំនួន១.១០៦ក្បាលដី មានទំហំផ្ទៃដីសរុបស្មើនឹង ២០៦២,២៣ហិកតា និងមានចំនួនគ្រួសារសរុបចំនួន៦៨៨គ្រួសារ ស្ថិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទំាង០៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ មន្ត្រីបច្ចេកទេស និងសមាជិកគណៈកម្មការរដ្ឋបាលឃុំកំភុន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការទទួលបាននៅសិទ្ធិគ្រប់គ្រងអចលនវត្ថុ ដែលមានប័ណ្ណកម្មសិទ្ធិទទួលស្គាល់ជាផ្លូវការ គឺមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងដោយស្របច្បាប់ និងមិនអាចអ្នកណាបំពានបានឡើយ ប៉ុន្តែសូមប្រើប្រាស់ដោយស្របច្បាប់ និងបម្រើដល់ផលប្រយោជន៍ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។
ជាងនេះទៅទៀតឯកឧត្តម បានជម្រុញឲ្យមន្ទីរជំនាញខិតខំបន្តការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីសិក្សាអំពីតំបន់វិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងឈានទៅប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំមួយចំនួនទៀតក្នុងខេត្តស្ទឹងត្រែង៕