ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ប្រគល់មុខតំណែង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖មេដឹកនាំនៅថ្នាក់ស្រុក និងថ្នាក់ខេត្ត ក្រោយពីការផ្ទេរភារកិច្ចហើយ ប្រធានចាស់ និងប្រធានថ្មី រួមនិងមន្ត្រីទាំងអស់ ត្រូវជជែកគ្នាផ្តល់នូវបទពិសោធន៍ដើម្បីអោយប្រធានថ្មីទទួលយក បទពិសោធន៍ទៅបន្តធ្វើការងារអោយទទួលបានប្រសិទ្ធភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រកាសផ្ទេរ ប្រគល់មុខតំណែងជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ។
ជាមួយគ្នានេះឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម បានមានប្រសាសន៍ សំណេះ សំណាល គាំទ្រ និងកោតសរសើរ ដល់ស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងខេត្ត ដែលបានខិតខំបំពេញនូវកិច្ចការរបស់ខ្លួនកន្លងមកបានសម្រេច និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយអតីតយុទ្ធជន ទាំងថ្នាក់ដឹកនាំ ទាំងអ្នកចូលរួម ពិតជាបានចូលរួមនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមចំណែក រកបាននូវ សន្តិភាព ពិសេសជាមួយនឹងការអភិវឌ្ឍន៍លើគ្រប់វិស័យដែលយើងកំពុងបានទទួលផលបុច្ចុប្បន្ននេះ ដោយមិនអាចកាត់ផ្តាច់បានពីគុណបំណាច់របស់បងប្រុស បងស្រី ជាអតីតយុទ្ធជននោះឡើយ។
ឱកាសនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនូវសេចក្តីនឹករលឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីផ្ញើជូនទៅដល់បងប្អូនដែលជាអតីតយុទ្ធជន ថាសម្ដេចមានសេចក្តីនឹករលឹកយ៉ាងខ្លាំង ដោយអោយឯកឧត្តមធ្វើជាស្ពានសម្រាប់ចម្លងនូវសេចក្តីនឹករលឹក និងទទួលយកការជួយដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ហើយក៏ជូនពរអោយមានសុខភាពល្អនិងជោគជ័យផងដែរ។
បន្ថែមពីនោះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានឧបត្ថម្ភ ដល់គ្រួសារអតីតយុទ្ធជនក្រីក្រ និងបានប្រគល់ផ្ទះចំនួន១៥ខ្នង ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង១៥ គ្រួសារនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងផងដែរ។
គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ត្រូវបានតែងតាំងជាប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច ដែលត្រូវផ្លាស់ប្ដូរភារកិច្ចថ្មី និងតែងតាំងលោក ហ៊ុំ ខ្វែក ជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តផងដែរ៕