បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួន ក្រោយពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់បងប្អូនជីដូនមួយរបស់ខ្លួនឯង
ខេត្តកណ្តាល៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលដែលបុរសរូបនេះបានសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូរបស់បងប្អូនជីដូនមួយរបស់ខ្លួនឯងទៀត កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះមានចំនួន៣នាក់
ទី១-ឈ្មោះ យឿន ភារុំ ភេទប្រុស អាយុជាង៣៦ឆ្នាំ នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរជាងទឹកភ្លើង(ឃាត់ខ្លួន)។
ទី២-ឈ្មោះ គឺគឺ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន (គេចខ្លួន) និង។
ទី៣-ឈ្មោះ ង្វៀង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួន)។ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ស៊ឹម ស៊ន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរមាសឈ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង,មុខរបររកម្មករសំណង់ (គាត់មិនបានដាក់ពាក្យប្តឹងទៅលើជនសង្ស័យទី១នោះទេ ព្រោះត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយបានយកម៉ូតូឲ្យជនរងគ្រោះវិញ)។
ចំពោះវត្ថុតាងដកហូតបានមាន៖ម៉ូតូ១គ្រឿងម៉ាកHonda c125 សេរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង១-៩៦៨៤(ម៉ូតូជារបស់ជនរងគ្រោះហើយត្រូវជនសង្ស័យទី១យកមកប្រគល់ឲ្យវិញ) និងម៉ូតូ១គ្រឿងទៀត ម៉ាកHonda scoopy ពណ៌ស សេរី២០១៩ ពាក់ស្លាកលេខ កណ្តាល ១A-៥៨៨៥ (ម៉ូតូជនសង្ស័យ)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទី៣ បានជិះម៉ូតូខាងលើ មករកជនសង្ស័យទី១ ដោយបាននិយាយប្រាប់ឲ្យជនសង្ស័យទី១ ជួយលក់ម៉ូតូឲ្យគាត់ផង ដោយម៉ូតូគាត់មានកាតគ្រីត្រឹមត្រូវ ព្រោះគាត់ជាជនឥន្តោប្រវេសន៍ពិបាករកម៉ូយលក់ណាស់។ បន្ទាប់មកអ្នកទាំងពីរ ក៏បានយកម៉ូតូនោះទៅលក់បានលុយ$1200, រួចចែកគ្នាបានម្នាក់ $600 ហើយនាំទៅផ្ទះរៀងៗខ្លួនអស់ទៅ។លុះមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅពេលឆែកកាម៉េរ៉ាសុវត្ថិភាពទើបឃើញជនសង្ស័យទី១ និងទី២ អង្គុយផឹកកាហ្វេជាមួយគ្នា ទើបបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យទី១ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនិតិវិធីតែម្តង។
តាមចំលើយរបស់ជនសង្ស័យទី១បាននិយាយថា៖គាត់មិនបានលួចម៉ូតូរបស់ជនរងគ្រោះនោះទេ គឺជនសង្ស័យទី៣ជាអ្នកយកម៉ូតូនោះមកឲ្យគាត់ជួយលក់ ហើយម៉ូតូមានកាតគ្រីត្រឹមត្រូវ ម៉្យាងទៀតគាត់មិនដឹងថា ម៉ូតូនោះជាម៉ូតូរបស់បងប្អូនជីដូនមួយរបស់គាត់ទេ៕