សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវពោងសុវត្ថិភាព ដល់លេខាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ
ខេត្តកំពង់ឆ្នាំង៖ឯកឧត្តមអម សុភា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នាយកប្រតិបត្តិសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក លោកស្រីសមាជិក សមាជិកាសាខា អនុសាខា និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអាវពោងសុវត្ថិភាព ជូនដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក កម្លាំងសមត្ថកិច្ចទាំងបី និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។
នាឱកាលនោះឯកឧត្តម ឈួរ ច័ន្ទឌឿន ក្នុងនាមសម្ដេចចៅហ្វាវាំង គង់ សំអុល ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ឯកឧត្តមត្រាំ អ៊ីវតឹក លោកជំទាវជូ ប៊ុនអេង ឯកឧត្តម លោកជំទាវក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានជានិច្ចកាលសម្ដេចតែងយកចិត្តទុកដាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងថ្លែងអំណរដល់ម្ចាស់ជំនួយអាវពោងសុវត្ថិភាព ព្រមទាំងកោតសរសើរ និងវាយតម្លៃចំពោះក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំង ដែលតែងសហការក្នុងកិច្ចការពារ និងសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេល។
ជាមួយគ្នានោះ ឯកឧត្តមប្រធានកិត្តិយសសាខា បានមានប្រសាសន៍ថា អាវពោងសុវត្ថិភាពគឺសម្រាប់យកទៅប្រើប្រាស់តាមជើងទឹក ត្រៀមបង្ការគ្រោះមហន្តរាយនៅពេលដែលមានទឹកជំនន់នារដូវវស្សានេះ។
ឯកឧត្តមបន្តទៀតថា សូមសាខា អនុសាខា និងអ្នកពាក់ព័ន្ធ យកអាវពោងសុវត្ថិភាពនេះទៅប្រើឲ្យចំទិសដៅដើម្បីធានាការសង្គ្រោះខ្លួនឯង ការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ងាយរងគ្រោះមានដូចចាស់ជរា ជាពិសេសក្មេងៗ៕