ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពត៖នាព្រឹកថ្ងៃចន្ទ ១រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់ជាតិ ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារសរុបចំនួន២០៥នាក់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានមានប្រសាសន៍សំណេះសំណាលនិងផ្តល់យោបល់ដល់សមាជិក សមាជិការកិច្ចប្រជុំដូចខាងក្រោម៖
១-ឯកឧត្តមប្រធានបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសជូនចំពោះ ឯកឧត្តមអភិបាលខេត្តកំពត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានខិតខំដឹកនាំក្រុមការងារបានយ៉ាងល្អក្នុងពេលកន្លងមក។
២-រាជរដ្ឋាភិបាលប្រើប្រាស់មូលនិធិបម្រុង សម្រាប់ការបើកប្រាក់ខែ ជូនមន្ត្រីរាជការ និង ឧបត្ថម្ភសាច់ប្រាក់ដល់អ្នកដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ជាពិសេស អ្នកក្រីក្រ តាមរយៈការកំណត់ និងធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។ការកំណត់ និងការធ្វើបច្ចុប្បន្នភាព អត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ស្នើសុំក្រុមការងារ យកចិត្តទុកដាក់តាមដានត្រួតពិនិត្យ ដើម្បីឲ្យមានសុក្រិតភាព និងតម្លាភាព ហាមដាច់ខាតការដាក់សាច់ញាតិរបស់ខ្លួនដែលមិនមែនជាអ្នកក្រីក្រពិតប្រាកដ ប៉ុន្តែប្រជាពលរដ្ឋក្រីក្រងពិតប្រាកដមិនទទួលបាន ត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៣-ឯកឧត្តមប្រធានបានណែនាំដល់ក្រុមការងារ បន្តធ្វើវេទិកាសាធារណៈតូចៗ និងចុះតាមខ្នងផ្ទះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គម្លាតសង្គម និងការចែកម៉ាស់ដល់អ្នកចូលរួម ។
៤-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មិនមានសិទ្ធិក្នុងការសម្រេចជំនួសរដ្ឋបាលខេត្ត ក្រុង ស្រុកនោះទេ ពោលក្រុមការងារគឺជា អ្នកជួយណែនាំ ផ្តល់យោបល់ ក្រើនរំលឹកដល់តួនាទីភារកិច្ចរបស់រដ្ឋបាលនីមួយៗ ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលដំណាក់កាលទី៤ ឲ្យមានប្រសិទ្ធភាព។
៥-តាមរយៈស្មារតីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពលេកន្លងមក ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឯកឧត្តមប្រធានបានស្នើសុំអាជ្ងាធរពាក់ព័ន្ធឆ្វៀលដីរដ្ឋ ដូចជាដីឧទ្យានជាតិ តំបន់ការពារ ដែលប្រជាពលរដ្ឋបានកំពុងរស់នៅរាល់ថ្ងៃ និងហាមដាច់ខាតមិនឲ្យមានការរំលោភបន្ថែមទៀតលើដីរដ្ឋនោះទេ ។
៦-ឯកឧត្តមប្រធានបាន ផ្តល់អំណោយជា អង្ករ ជូនរដ្ឋបាលខេត្ត និងក្រុង ស្រុក ក្នុងនោះរដ្ឋបាលខេត្តទទួលបានអង្ករ ៥តោន និង ក្រុង ស្រុកទទួលបាន អង្ករ១តោន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
នាឱកាសនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការមានស្នាដៃក្នុងខេត្តកំពតចំនួន ៦៧០នាក់ ជាការលើកទឹក ចិត្តក្នុងការអនុវត្តការកន្លងមកផងដែរ៕