នារីម្នាក់ជាអ្នកលក់ដូរ នៅផ្សារព្រែកលាបម្នាក់ បានស្លាប់ភ្លាមៗ ដោយសារជិះម៉ូតូបុកកុងតឺន័រចតចោល
រាជធានីភ្នំពេញ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយស្ត្រីម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ័ទឹកប៊ិច ពាក់ស្លាក លេខភ្នំពេញ១០-០៩១៦ ខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យបាក់កស្លាប់មួយរំពេច កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ែ អាសក្ត័ ភេទស្រី អាយុ៣០ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជិះម៉ូតូម៉ាកគុបជ្រុង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍ គេឃើញស្ត្រីខាងលើជិះម៉ូតូតាមបណ្តោយផ្លូវជាតិ៦ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រ ពាក់ស្លាក លេខភ្នំពេញ3F.1917ចតលើចិញ្ចើមផ្លូវបុកពេញទំហឹង បណ្តាលឲ្យបោកក្បាលផ្ទប់និងគូទរថយន្តបាក់កស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ បានចុះវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកសពស្ត្រីខាងសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕