គាស់ផ្ទះ លួចយកទ្រព្យសម្បត្តិពលរដ្ឋ ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លូន
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអាសាឍឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវ និងបង្ក្រាបករណី(លួចមានស្ថានទម្ងន់ទោស)គាស់លំនៅដ្ឋានលួចទ្រព្យសម្បត្តិមួយករណីក្នុងបទល្មើសជាក់ស្តែងនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយសម្រេចឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ រិទ្ធ សំផាន ហៅ ពាវ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួនបានធ្វេីការដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖
ម៉ូតូម៉ាកZoomer-x ពណ៌ស-ក្រហម ចំនួន០១គ្រឿង,ឡេបថប ចំនួន០២គ្រឿង,កូនសោរទ្វារចំនួនមួយចង្កោម,កូនសោរម៉ូតូចំនួន១៧កូន,កាតគ្រីម៉ូតូចំនួន០៧,កាតគ្រីឡានចំនួន០១,សៀវភៅធនាគារចំនួន០១,លិខិតឆ្លងដែនចំនួន០១,កាតអេស៊ីលីដាចំនួន០២,កាតស៊ីអាយអ៊ឹមប៊ីចំនួន០១,មេម៉ូរី ចំនួន០១,ធុងហ្គាស ចំនួន០១ និងបំពង់ទីប ប្រវែងប្រហែល២ម៉ែត្រ ចំនួន០១ផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕