យុវជនម្នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតបានរងរបួសធ្ងន់ បង្កឡើងដោយម៉ូតូម៉ាកហុងដាប៊ីត បើកវ៉ាជែងរថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដា ភីស៊ីអ៊ិច
ខេត្តកណ្តាល៖ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូម៉ាកហុងដាប៊ីត បើកវ៉ាជែងរថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដា ភីស៊ីអ៊ិច ក្នុងទិសដៅបញ្ច្រាស់គ្នា បានបណ្តាលឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ វាសនា ប្រុសតូច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បើកម៉ូតូម៉ាកហុងដា BEAT ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល1AE-6457 ។ចំណែកអ្នករងរបួស២នាក់ទៀតទី១-ឈ្មោះ ណាក់ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិ សង្កាត់ខាងលើ រួមដំណើរជាមួយឈ្មោះ វាសនា ប្រុសតូច និងទី២-ឈ្មោះ ភឹម ដាវីត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ1GM-4054។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ក្រហម ជិះគ្នា២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្តមិនស្គាល់ម៉ាក ខាងឆ្វេងដែលមានទិសដៅស្របគ្នា ក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌ ជិះម្នាក់ឯង ក្នុងទិសដៅពីត្បូងមកជើង (បញ្ច្រាស់ទិសគ្នា) បណ្តាលឲ្យអ្នកបើកម៉ូតូហុងដាប៊ីត ដួលបោកក្បាល នឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាមួយម៉ូតូហុងដាប៊ីត និងអ្នកបើកបរម៉ូតូម៉ាក PCX រងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ក្រុងតាខ្មៅ បានចុះទៅដល់ធ្វើការវាស់វែង និងហៅរថយន្តសារ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកបញ្ជូនអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។ចំពោះសាកសពអ្នកស្លាប់ សមត្ថកិច្ចបានប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យ។ដោយឡែកមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចបានដឹកយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរងចាំដោះស្រាគ្នាជាក្រោយ៕