អាជ្ញាធរខេត្តកណ្ដាល ចុះជំរុញទីផ្សារកសិកម្ម ជូនកសិករ នៅស្រុកល្វាឯម
ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញចុះជំរុញទីផ្សារកសិកម្មជូនកសិករ នៅស្រុកល្វាឯម កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី ដោយងាកមកប្រើប្រាស់ជីលាមកសត្វ និងជីធម្មជាតិផ្សេងៗ ទៅលើដំណាំផលិតផលនានា។
លោកអភិបាលរងខេត្តបន្តថា ការប្រើប្រាស់ថ្នាំគីមី គឺវាមិនត្រឹមតែបណ្ដាលអោយប៉ះពាល់សុខភាពដល់អ្នកដែលបានទិញយកទៅបរិភោគនោះទេ អ្នកដែលដាំបន្លែ អ្នកបាញ់ថ្នាំផ្ទាល់ និងក្រុមគ្រួសារ ក៏បណ្ដាលអោយប៉ះពាល់សុខភាព ហើយវាបានធ្វើអោយដីខ្សោះជីជាតិផងដែរ។
បន្ថែមពីនេះលោកបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋនិយមចូលចិត្តបន្លែ ដែលគ្មានជាតិគីមីនៅលើទីផ្សារ ព្រោះថាបន្លែដែលគ្មានជាតិគីមី វាមិនបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះទេ។ដូច្នេះប្រសិនបើប្រជាកសិករទាំងអស់ ងាកមកដាំបន្លែដែលគ្មានសារជាតិគីមី នោះយើងនឹងមិនភ័យព្រួយក្នុងការខ្វះនូវទីផ្សារ ហើយបន្លែរបស់យើងដែលគ្មានជាតិគីមី និងមានតម្លៃថ្លៃផងដែរ។
ជាងនេះទៅទៀតលោកអភិបាលរងខេត្ត បានលើកឡើងទៀតថា អាជ្ញាធរខេត្តបានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ពិសេសមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការបង្កើតផ្សារចុងសប្តាហ៍ សម្រាប់លក់នូវផលិតផលក្នុងស្រុករបស់បងប្អូនប្រជាកសិករ ដែលផលិតបាននៅក្នុងសហគមន៍រាងៗខ្លួន ហើយបន្លែដែលយកមកលក់នៅផ្សារចុងសប្តាហ៍នេះ ជាប្រភេទបន្លែដែលគ្មានសារធាតុគីមី និងបន្លែមានសុវត្ថិភាព៕