ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរវិស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំតូចសាលាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល និងនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត៕