ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណៈកម្មាធិការតម្រង់ទិសលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងសមិទ្ធផលរយៈពេល៦ខែ របស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ
ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងសមទ្ធិផលរបស់គម្រោង ដែលបានអនុវត្តក្នុងរយៈពេល៦ខែ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង និងជាប្រធានគណៈកម្មាធិការតម្រង់ទិស បានលើកឡើងថា ដោយស្ថានភាពកូវីដ១៩ បានធ្វើឱ្យគម្រោងរបស់យើងមានភាពយឺតយ៉ាវបន្តិច តែទោះជាយ៉ាងណា យើងក៏សម្រេចបាននូវសមទ្ធិផលជាច្រើន ដែលជាផែនការរបស់គម្រោងដូចជា ក្រុមសន្សំ ក្រុមផលិត ការអភិវឌ្ឍន៍ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រព័ន្ធធារាសាស្ត្រដែលយើងអនុវត្តបានយ៉ាងល្អប្រសើរ ស្របទៅតាមការណែនាំរបស់ក្រុមបច្ចេកទេសគម្រោងលាភ ជាពិសេសអាចលើកស្ទួយដល់ជីវភាពគ្រួសាររបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត។
ក្នុងនោះបានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងក្នុងរយៈពេល៦ខែកន្លងមក ដោយទទួលបាននូវសមទ្ធិផលជាច្រើននៅតាមក្រុង ស្រុក ឃុំ សង្កាត់ដែលជាគោលដៅរបស់គម្រោងលាភ។ជាមួយគ្នានោះដែរ ឯកឧត្តមបានស្នើដល់ក្រុមការងារគម្រោងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកឡើង នូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលជាសមាជិករបស់គម្រោង ដើម្បីយកមកដោះស្រាយជូនពួកគាត់ ពិសេសក្រមការងារក្រុង ស្រុក ឃុំ សង្កាត់ត្រូវកំណត់អត្តសញ្ញាណក្រីក្រឱ្យបានច្បាស់លាស់។
ក្រោយពីការធ្វើបទបង្ហាញស្តីពីសមទ្ធិផល និងបញ្ហាប្រឈមដែលបានអនុវត្ត៦ខែ ដោយលោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិរួចមក អង្គប្រជុំបានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីរកចំណុចខ្លាំង និងចំណុចខ្សោយក្នុងការរកដំណោះស្រាយ លើបញ្ហាប្រឈមដែលក្រុមការងារបានអនុវត្តកន្លងមក ហើយកែប្រែបញ្ហាទាំងនោះទៅជាទិសដៅដើម្បីអនុវត្តឱ្យទៅជាចំណុចខ្លាំងវិញ។
ទន្ទឹមនឹងនោះឯកឧត្តម ក៏បានសង្កត់ធ្ងន់ ដោយផ្តោតសំខាន់លើការរកទីផ្សារដល់ក្រុមផលិត ជៀសវាងគាត់ផលិតបានហើយរកទីផ្សារពុំបាន។ម្យ៉ាងទៀត យើងត្រូវពង្រីកទីផ្សារបន្លែសុវត្ថិភាពឱ្យបានបានច្រើនកន្លែង ដើម្បីបងប្អូនងាយស្រួលក្នុងការទិញនិងលក់ផងដែរ៕