គ្រួសារងាយរងគ្រោះ ជនពិការដើរមិនរួច នៅស្រុកពួក ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
ខេត្តសៀមរាប៖ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី រួមទាំងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ការិយាល័យសង្គមកិច្ចស្រុក នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារងាយរងគ្រោះ ជនពិការដើរមិនរួច ឈ្មោះ ហង់ កំសត់ ភេទស្រី អាយុ៣២ឆ្នាំ ពិការជិះរទេះ និងប្អូនស្រីឈ្មោះ ហង់ ស៊ន់ អាយុ២៧ឆ្នាំ ពិការទន់ជើងដើររួចតិចៗ រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក។
មានប្រសាសន៍នាឱកាសនោះ លោកនាយកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា។លោកបានបន្តទៀតថាក្នុងនាមកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប នឹងគោរពតាមពាក្យស្លោកដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល»។
ក្នុងឱកាសសួរសុខទុក្ខនេះ លោកនាយកមានប្រសាសន៍លើកទឹកចិត្ត ដល់ក្មួយស្រីទាំងពីរ សូមកុំអស់សង្ឃឹមត្រូវតស៊ូបន្តទៀត ព្រោះនៅមានក្រុមគ្រួសារ នឹងតាមជួយនិងជ្រោមជ្រែងក្មួយរៀងដរាបតទៅ ម្យ៉ាងវិញទៀត នៅពេលនេះត្រូវខំថែបំប៉នសុខភាព ធ្វើអនាម័យខ្លួនប្រាណ សម្អាតដៃជាប្រចាំការពារជំងឺឆ្លង សម្រាកក្នុងមុង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាងនេះទៅទៀតនៅពេលធ្វើដំណើរដោយរទេះរុញ តាមផ្លូវសាធារណៈត្រូវមានការប្រុងប្រយ័ត្នជានិច្ច។ក្នុងសកម្មភាពនេះផងដែរយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យបច្ចេកទេសពួក ដែលដឹកនាំដោយលោកគ្រូទីប្រឹក្សា បានជួយសម្អាតបរិស្ថានក្នុង និងក្រៅបរិវេណផ្ទះជនពិការផងដែរ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៤ ទឹកត្រីទឹកស៊ីអ៊ីវ៨ដប ឃីតអណាម័យ១កញ្ចប់ ទឹកសុទ្ធ២យួរ ទឹកដោះគោរ២ឡូត៍ សាប៊ូម្សៅ សាប៊ូដុំ៨ដុំ ថ្នាំច្រាសដុសធ្មេញ២ឈុត សម្ភារផ្ទះបាយ១ឈុត និងថវិកាមួយចំនួន ដែលមានការសហការជួយបន្ថែមពី លោកអភិបាលស្រុក ការិយាល័យសង្គមកិច្ចស្រុក និងសប្បុរសជនផងដែរ៕