ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យតំបន់សក្ដានុពល ទេសចរណ៍ចំនួន ២កន្លែង នៅក្នុងស្រុករមាសហែក
ខេត្តស្វាយរៀង៖អញ្ជើញចុះពិនិត្យតំបន់សក្ដានុពល ទេសចរណ៍ចំនួន២កន្លែង រួមមាន៖
ទី១-តំបន់រៀបចំ ឈ្មោះ "ប្រាសាទអង្គរថ្មីបូរីខ្មែរ" ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក។
ទី២-តំបន់ប្រាសាទជាហោ ស្ថិតនៅភូមិព្រៃក្ដី ឃុំគគីរ ស្រុករមាសហែក កាលពីព្រឹកថ្ងៃអង្គារ ០៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ សហការការពារតំបន់ទាំងពីរនេះ ឲ្យបានគង់វង្សល្អប្រសើរ និងដាក់ទិសដៅដល់មន្ទីរជំនាញធ្វើការស្រាវជ្រាវចងក្រងជាប្រវត្តិ ចាត់ចែងរៀបចំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលគ្រប់គ្រង និងការពារ ព្រមទាំងត្រូវរៀបចំផែនការមេឲ្យបានច្បាស់លាស់ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជាមូលដ្ឋានទេសចរណ៍ ដ៏ទាក់ទាញបន្ថែមទៅលើមូលដ្ឋានទេសចរណ៍ ដែលមានស្រាប់ក្នុងខេត្ត សម្រាប់អ្នកទេសចរទាំងក្នុង និងក្រៅខេត្តមកទស្សនា និងលេងកម្សាន្ត។
សូមបញ្ចាក់ផងដែរថា គណៈប្រតិភូអមដំណើរឯកឧត្តមអភិបាលខេត្ត នាឱកាសនោះរួមមាន ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោកនាយកទីចាត់ការចំណុះសាលាខេត្តផងដែរ៕