បុរសម្នាក់បានស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសារបើកត្រាក់ទ័រភ្ជួរដីចំការ ប៉ះចំមីនតោនបណ្តាលឲ្យផ្ទុះឡើង
ខេត្តបាត់ដំបង៖បុរសម្នាក់បានរងរបួសធ្ងន់ដាច់ជើងឆ្វេង ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណ:កំពុងបើកត្រាក់ទ័រភ្ជួរដីចំការប៉ះចំមីនតោន បណ្តាលឲ្យផ្ទុះឡើង។ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៤ ស្ថិតនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះប៉ាត់ រិត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកត្រាក់ទ័ររបស់ខ្លួនម៉ាកហ្វូត ពណ៌ខៀវ ស៊ីឈ្នួលភ្ជួរដីចំការឱ្យឈ្មោះលុយ គឹមស៊ ភេទប្រុស អាយុ ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានមកស្នាក់នៅធ្វើចំការនៅចំណុចកើតហេតុខាងលើ ខណៈដែលកំពុងភ្ជួរក៏ស្រាប់តែប៉ះចំមីនតោនដែលសេសសល់តាំងពីសម័យសង្គ្រាមបង្ករឲ្យផ្ទុះឡើង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ដាច់ជើងឆ្វេង និងខូចខាតត្រាក់ទ័រទាំងស្រុងផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យតែម្តង។
បើតាមការបញ្ជាក់ពីមន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា ចំណុចកេីតហេតុខាងលេីនេះគឺជាអតីតសមរភូមិប្រយុទ្ធ រវាងភាគីជម្លោះពីអតីតកាលហេីយនៅទីនោះក៏សម្បូរទៅដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅរាយប៉ាយនិងកប់ក្នុងដី មិនទាន់មានការបោសសំអាតអស់នៅឡេីយ។
អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសមូលដ្ឋានដែលជាអតីតសមរភូមិប្រយុទ្ធ មានការប្រុងប្រយ័ត្នជាប់ជាប្រចាំចំពោះបញ្ហាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសម័យសង្រ្គាមនេះ ព្រោះវាពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕