បុរសម្នាក់បើករថយន្ត បុករះម៉ូតូចំនួន៣គ្រឿង បណ្តាលឲ្យរងការខូចខាត និងរបួសម្នាក់ នៅខណ្ឌពោធិសែនជ័យ
រាជធានីភ្នំពេញ៖បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ី RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BD- 4490 សង្ស័យស្រវឹងបានបើករេចង្កូតជ្រុលទៅបុករះម៉ូតូចំនួន៣គ្រឿង បណ្តាលឲ្យរងរបួសម្នាក់ និងរងការខូចខាតមធ្យោបាយផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវទួលពង្រ (ផ្លូវ៥០ម៉ែត្រ) ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមទាំងប្រពន្ធ និងកូនបានបើកមួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកន្លែងកើតហេតុខាងលើ បានរេចង្កូតទៅបុករះម៉ូតូចំនួន៣គ្រឿង នៅមុខកន្លែងជួសជុលម៉ូតូមួយកន្លែង បណ្តាលឲ្យរងការខូចខាតម៉ូតូទាំង៣គ្រឿងរួមមាន:
ទី១-ម៉ូតូម៉ាកហុងដាវេវអាល់ហ្វាមួយគ្រឿង ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1BR-7521។
ទី២-ម៉ូតូម៉ាកសង់កូរ៉េផ្លិះ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1A-5884 និងមួយគ្រឿងទៀត ម៉ាកឃ្លីកពណ៌ខ្មៅលាយទឹកប្រាក់ពាក់ស្លាកលេខរតនគីរី1A-8849 ដួលរងការខូចខាតទាំង៣គ្រឿង និងបុរសម្នាក់រងរបួសស្រាល។
ក្រោយកើតហេតុម្ចាស់រថយន្តដឹងខ្លួនខុស ក៏ធ្វើការសម្របសម្រួលព្រមចេញថ្លៃការខូចខាត ទៅឲ្យភាគីខាងម្ចាស់ម៉ូតូទាំង៣គ្រឿង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕