ចាប់ឃាត់ខ្លួនឃាតក សម្លាប់មិត្តភ័ក្រឯង បន្ទាប់ពីផឹកស៊ីទាស់សម្តីគ្នា
រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចាប់ឃាត់ខ្លួន ក្រោយពីផឹកស៊ី បង្កហិង្សាដោយយកឈើជ្រុងវៃទៅមិត្តភ័ក្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សោម ចិន្តា ហៅសួង ចិន្តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅការដ្ឋានសំណង់ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ចំណែកជនសង្ស័យមានឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅការដ្ឋានសំណង់ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រៃគូ ឃុំព្រែក ប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យនឹងជនរងគ្រោះ រួមជាមួយបក្ខពួកសរុប៤នាក់ បានផឹកស៊ីជាមួយគ្នា ហើយពេលផឹកស្រវឹង ស្រាប់តែជនសង្ស័យ និងជនរងគ្រោះ បានទាស់សំដីគ្នាខ្លាំង ក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនសង្ស័យបានស្ទុះទៅរើសដំបងឈើជ្រុងទំហំប៉ុនកដៃ ប្រវែង៨៤សង់ទីម៉ែត្រ នៅក្បែរកន្លែងផឹកស៊ីវ៉ៃទៅលើក្បាលនិងមុខបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។
ក្រោយមកប្រជាពលរដ្ឋ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ហើយហៅ រថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកសួគ៌ា ផ្លូវ២១៧ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលទៅដល់គ្លីនិកសួគ៌ា គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បន្ទាប់មកសមត្ថកិច្ច ក៏បានរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពេទ្យតុលាការ ឲ្យចុះមកសហការពិនិត្យសាកសពជនរងគ្រោះ ក្រោយពីពិនិត្យសាកសព និងកន្លែងកើតហេតុរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការវ៉ៃក្បាលធ្ងន់ ។
បន្ទាប់មកបងស្រីបង្កើតរបស់ជនរងគ្រោះ(សព) ឈ្មោះសោម លក្ខិណា ហៅ ភ័ក្ត្រាណា ភេទស្រី អាយុ៤០ឆ្នាំ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដើម្បីឲ្យសមត្ថកិច្ចចាត់ការ ជនសង្ស័យតាមផ្លូវច្បាប់។ ចំណែកសពត្រូវបានប្រគល់ ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕