គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នៅស្រុកស្វាយជ្រំ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ចំនួន៧ខ្នង ខូចខាតទាំងស្រុង៣ខ្នង និងខូចខាតស្រាល៤ខ្នង(ក្នុងនោះមាន១គ្រួសារ កំពុងរស់នៅជាមួយមេរោគអេដស៍) នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ទទួលអំណោយមនុស្សធម៌របស់សាខា
នាព្រឹកថ្ងៃសៅរ៍ ០៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ដែលដឹកនាំដោយឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខា អមដំណើរដោយលោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានា របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្កដោយគ្រោះធម្មជាតិ ដែលមិននឹកស្មានដល់។
ទន្ទឹមនេះឯកឧត្តមក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗ កុំឲ្យលេងទឹក ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណា ដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ ១៩ ។
អំណោយដែលបានចែកជូនទាំង៧គ្រួសារ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ៣គ្រួសារ ទទួលបាន អង្ករ៣០គ.ក្រ ,មី១កេស ,ត្រីខ១០កំប៉ុង ,ទឹកស៊ីអ៊ីវ៦ដប ,ធុងទឹកជ័រ១ ,ឆ្នាំងបាយ-សម្ល២ ក្រណាត់កៅស៊ូតង់១ ,កន្ទេលបត់១,ឃីត១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាចំនួន២០០.០០០រៀលផងដែរ។ចំណែកគ្រួសាររងគ្រោះស្រាល៤គ្រួសារ ទទួលបានថវិកាចំនួន៥០.០០០រៀល។ជាមួយនេះ ដោយមើលឃើញពិការលំបាករបស់គ្រួសារ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍១គ្រួសារ ឯកឧត្តមបានឧបត្ថម្ភបន្ថែមថវិកាចំនួន៥០០.០០០រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះ៕