លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធផ្សារចុងសប្ដាហ៍ របស់មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល
ខេត្តកណ្តាល៖ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្សារចុងសប្ដាហ៍ ដែលរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋចូលរួមគាំទ្រ និងទិញផលិតផលពីផ្សារចុងសប្ដាហ៍ របស់មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ព្រោះផ្សារចុងសប្ដាហ៍នេះ លក់ផលិតផលកសិកម្មក្នុងស្រុក ដែលមានការណែនាំបច្ចេកទេសនៃការដាំដុះ និងការចិញ្ចឹម ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។
លោកជំទាវបន្តថា ការចូលរួមគាំទ្រ និងទិញផលិតផលពីផ្សារចុងសប្ដាហ៍ គឺបងប្អូនប្រជាពលរដ្ឋនឹងទទួលបាននូវបន្លែ សាច់ ប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ពិសេសវាបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករនៅក្នុងស្រុក ព្រោះថា បន្លែដែលផ្សារចុងសប្ដាហ៍លក់ គឺជាផលិតផលរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកផ្ទាល់ ហើយទទួលបានការណែនាំបច្ចេកទេស នៃការដាំដុះ និងការចិញ្ចឹមត្រឹមត្រូវពីមន្ទីរជំនាញ។
មានប្រសាន៍ក្នុងឱកាសនោះដែរ លោក ចាន់ សុខទី អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជាប្រធានគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច អេម (AIMS) បានឲ្យដឹងថា ផ្សារចុងសប្ដាហ៍នេះ បានក្លាយជាទម្លាប់ និងជាការសប្បាយរីករាយរបស់ប្រជាជនជាច្រើននៅទីក្រុង។ ព្រោះវាបានបង្កើតឱកាសដល់អតិថិជនទាំងអស់ ដើម្បីបានសាកនូវផលិតផលដែលមាន គុណភាពខ្ពស់ សុវត្ថិភាព អនាម័យល្អ មានពាណិជ្ជសញ្ញា ធានាសុខុមាលភាពដល់អតិថិជន ជាងនេះវាបានបង្កើតឱ្យមានការជឿទុកចិត្តគ្នាទៅវិញទៅមករវាងអ្នកលក់ និងអ្នកទិញ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់អ្នកទាំងពីរ។
លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលបានឱ្យដឹងដែរថា ការបង្កើតឱ្យមានផ្សារចុងសប្ដាហ៍នេះ គឺសម្រាប់ដាក់លក់ផលិតផល កសិផលមួយចំនួន ដូចជា បន្លែសរីរាង្គ បន្លែសុវត្ថិភាព សាច់មាន់ស្រែ ពងមាន់ និងអង្ករប្រណិតជាដើម ហើយបន្លែទាំងអស់សុទ្ធតែបានឆ្លងកាត់មន្ទីរពិសោធរបស់មន្ទីរកសិកម្ម តេសគ្មានសាធាតុគីមីទើបយកមកលក់។
លោកបញ្ចាក់ថា ផ្សារចុងសប្ដាហ៍នេះ នឹងបើកលក់ចាប់ម៉ោង៨និង៣០នាទី ដល់ម៉ោង៥ល្ងាច ដែលមានទីតាំនៅបរិវេណជុំវិញមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល រៀងរាល់ថ្ងៃចុងសប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕