ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំ ដើម្បីដាក់ចេញផែនការអនុវត្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់បាណក់ឃាត(អាបែត) ដើម្បីទប់ស្កាត់ជម្ងឺគ្រុនឈីក
ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្ត ស្រុក ដើម្បីដាក់ចេញផែនការអនុវត្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់បាណក់ឃាត(អាបែត) នៅភូមិគោលដៅ ជាការអន្តាគមន៍ ទប់ស្កាត់ជម្ងឺគ្រុនឈីក(Chikungunya) និងជម្ងឺគ្រុនឈាមដែលភ្នាក់ងារចម្លងគឺមូសខ្លាទូទាំង០៩ ក្រុង ស្រុក ដោយចាប់ផ្តើមពីថ្ងៃនេះទៅ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមប្រុងប្រយត្ន័ចំពោះការផ្ទុះឡើងវិញ នូវជម្ងឺគ្រុនឈីកនេះ ដោយត្រូវចូលរួមសហការអនុវត្តនូវ វិធានការបំបាត់ជម្រកមូសខ្លា សំអាតអនាម័យបរិស្ថានតាមផ្ទះសម្បែង គេងក្នុងមុង និងបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត និងចូលរួមផ្តល់ព័ត៌មាន ជូនទៅក្រុមទ្រទ្រង់សុខភាពភូមិ មេភូមិ និងអាជ្ញាធរមូលដ្ឋាន អំពីបញ្ហាជម្ងឺ ឬព័ត៌មានសុខភាពផ្សេងៗ ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងមន្ទីរពេទ្យជួយអន្តាគមន៍បានឆាប់រហ័ស និងទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនោះដែរលោក ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមកាងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លា នៅភូមិគោលដៅ ក្នុងក្រុងប៉ោយប៉ែត ជាផ្នែកមួយនៃការអន្តាគមន៍ ទប់ស្កាត់ជម្ងឺគ្រុនឈីក(Chikungunya) និងជម្ងឺគ្រុនឈាមដែលភ្នាក់ងារចម្លង គឺមូសខ្លាម្តងហើយកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រោយកិច្ចប្រជុំចប់ក្រុមការងារនឹងបន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់បាណក់ឃាត(អាបែត) បន្ថែមទៀត តាមផែនការនៃកិច្ចប្រជុំបន្ទាន់ថ្ងៃនេះ។
លោកវេជ្ជៈបណ្ឌិត រឿន សុធី ប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាល បានបញ្ជាក់ថា ជំងឺគ្រុនឈីកបង្កឡើងដោយវីរុសឈីកតាមរយៈមូសខ្លា ជំងឺនេះបង្កឡើងលើមនុស្សគ្រប់វ័យ។ រោគសញ្ញាមានសញ្ញាសំខាន់០៣ គឺ
១.គ្រុនក្តៅ៣ទៅ៤ថ្ងៃ
២.ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង និងមានស្នាមកន្ទួល ឬក្រហមលើស្បែក។ជំងឺនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែមានជំងឺផ្សេងៗដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម៕