ប្រទះឃើញគ្រាប់ ដែលបន្សល់ពីសម័យសង្គ្រាម ចំនួន០៦គ្រាប់ មន្ត្រីជំនាញចុះទៅប្រមូលយក ធ្វើការដុតកំទេចចោលនៅនឹងកន្លែង
ខេត្តបាត់ដំបង៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៦គ្រាប់ ដែលបានបន្សល់ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចជើងភ្នំអាងខៀវ ស្ថិតក្នុងភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោយមកក៏បានរាយការណ៍ជូនសមត្ថកិច្ច រួមជាមួយមន្ត្រីជំនាញចុះទៅប្រមូលយក ដើម្បីធ្វើការដុតកំទេចចោល។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់។ក្រោយពីប្រទះឃើញពួកគាត់ក៏បានរាយការណ៍មកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ភ្លាមនោះលោកក៏បានចាត់អោយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធិបតី សហការជាមួយអង្គការកំចាត់មីន(halotrustt)ដើម្បីចុះទៅពិនិត្យនៅលើទីតាំងជាក់ស្តែង។
បន្ទាប់ពីធ្វើការពិនិត្យរួចរាល់សមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញ ក៏ប្រមូលយកបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបចំនួន០៦គ្រាប់ ដែលគ្រាប់ទាំងនោះមាន៖
១-Mortar 60mm(គ្រាប់កាំភ្លើងត្បាល់)ចំនួន០២គ្រាប់
២-គ្រាប់ PG7(B41) ចំនួន០២គ្រាប់
៣-គ្រាប់ B40ចំនួន0១គ្រាប់
៤-គ្រាប់ B62ចំនួន០១គ្រាប់។
ក្រោយពីប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌទាំង០៦គ្រាប់ខាងលើ ត្រូវបានមន្ត្រីអង្គការកំចាត់មីន (halo trust )បានរៀបចំធ្វើការដុតកំទេចចោលនៅនឹងកន្លែងតែម្តង៕