កម្មករសំណង់ជាង ៦០ នាក់ លើកគ្នាមកតវ៉ានៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលសុំអោយអាជ្ញាធរជួយរក ដំណោះស្រាយរឿងមេការមិនបើកលុយអោយ
ក្រុងប៉ោយប៉ែត៖កម្មករសំណង់ជាង ៦០ នាក់ លើកគ្នាមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ប្តឹងមេការសំណង់ទាមទារថ្លៃកម្លាំងពលកម្ម សរុបជិត២ម៉ឺនដុល្លារអាមេរិក នៅថ្ងៃទី ២៤ ខែ កក្តដា ឆ្នាំ ២០២០។
ក្រុមកម្មករសំណង់បានលើកឡើងថា បន្ទាប់ពីពួកគាត់បានធ្វើការជាមួយមេការសំណង់ឈ្មោះ មាន វិច្ឆិកា សាងសង់បុរីមួយកន្លែង នៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកខ្លះជាកម្មករចាស់ អ្នកខ្លះកម្មករថ្មី ហើយមូលហេតុដែលនាំគ្នាមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ធបាលផ្សារដើម្បីទាមទារបើកប្រាក់ឈ្នួលថ្លៃកម្លាំងពលកម្មដោយសារតែជិត ២ ខែចុងក្រោយនេះ មេការមិនបើកលុយអោយក្នុងម្នាក់ៗថ្លៃកម្លាំងពលកម្មជាង១លានរៀល។
កម្មករមកប្តឹងបញ្ជាក់ថា បើសរុបថ្លៃកម្មករនិងជាងទាំងអស់ ជិត៨០លានរៀលហើយ ដែលពុំមានប្រាក់បង់ធនាគារ សងម្ចាស់តូបថ្លៃម្ហូបអាហារ និងថ្លៃទឹកភ្លើង ផ្ទះជួលផងដែរ ណាមួយត្រូវចិញ្ចឹមកូនចៅ ឪពុកម្តាយឈឺស្ងាត់ ជាប្រចាំថ្ងៃទៀត ទើបនាំគ្នាមកប្តឹង ទាមទារយកប្រាក់ពីមេការ ដើម្បីដោះស្រាយជីវភាព។ ពួកគាត់បញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនបូរីគេមកជួបជាមួយកម្មករ និងមេការរួចហើយ ខាងម្ចាស់បុរីមិនបានជំពាក់ទេ បើកលុយអោយទៅមេការរហូត តែមេការឈ្មោះមាន វិច្ឆិកា មិនបើកលុយឲ្យពួកគាត់។
លោក អនុសេនីយ៍ឯក ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលបានអោយដឹងថា ក្រោយហៅមេការ ឈ្មោះ មាន វិច្ឆិកា មកដោះស្រាយជាមួយកម្មករ មេការរូបនេះបានព្រមសងថវិកាចំនួន១០ម៉ឺនរៀលក្នុងម្នាក់ៗ ដោះស្រាយបណ្តោះអាសន្នសិន ហើយព្រមធ្វើកិច្ចសន្យាសងប្រាក់សរុបទាំងអស់ក្នុងរយៈពេលមួយខែទៀត៕