អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០
ខេត្តស្វាយរៀង៖ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវសន្ដិសុខ សុវត្ថិភាពល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានសហការចុះជួយឧបត្ថម្ភ និងដោះស្រាយការលំបាក របស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩នៅតាមបណ្ដាមូលដ្ឋានក្នុងខេត្ត។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្ត ឲ្យបានល្អប្រសើរ។
២-មន្ទីរពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរដែនដី បន្តតាមដាន និងជំរុញដល់ការបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលា ព្រមទាំងបំផុស និងគាំទ្រដល់ការដាំដុះបន្លែ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម បន្ថែមពីការបង្កបង្កើនផលស្រូវ ជាពិសេសប្រភេទផលិតផលដែលចំណាយដើមតិច រយៈពេលខ្លី និងឆាប់ទទួលផល។
៣-រដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តសហការ និងគាំទ្រការងារចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋានបន្ថែមទៀត ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវធ្វើការដោះស្រាយបញ្ហាដែលបានកើតឡើងឲ្យបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រពិតប្រាកដ។
៤-មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។
៥-រដ្ឋបាលក្រុង ស្រុកត្រូវជំរុញដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។
៦-រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងវិធានការអនុវត្តក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចំណីទន្លេ ស្ទឹង បឹង បួរ ព្រែក និងអាងទឹក ហើយក្នុងករណីមានការរំលោភបំពានណាមួយកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចាត់វិធានការអនុវត្តតាមផ្លូវច្បាប់ជាបន្ទាន់។
៧-ត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនឈាមជាដើម ព្រមទាំងត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាល គម្លាតសង្គម និងវិធានការចត្តាឡីស័កឲ្យបានយ៉ាងហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។
៨-ចំពោះការធ្វើអាជីវកម្មជីកយកអាចម៍ដីនៅតាមបណ្ដាក្រុង ស្រុក ត្រូវជំរុញការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងបទដ្ឋានបច្ចេកទេស ជាពិសេសអាជ្ញាប័ណ្ណអាជីវកម្ម។
៩-បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត៕