អភិបាលខេត្តកែប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តន៍ ឆមាសទី២ ឆ្នាំ២០២០
ខេត្តកែប៖ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តន៍ ឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញ ចូលរួមដោយ លោកអភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជារការ នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
កិច្ចប្រជុំនេះក្នុងគោលបំណងសំខាន់គឺពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆមាសទី២ របស់រដ្ឋបាលខេត្ត និងពិនិត្យ ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចនានា របស់រដ្ឋបាលខេត្ត ព្រមទាំងពិនិត្យ ពិភាក្សាការងារត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តឆ្នាំទី២ អាណត្តិទី៣ ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរខេត្ត ក្រុង ស្រុក ត្រូវតែព្យាយាមដោះស្រាយ នូវរាល់បញ្ហា ដែលជាម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ខិតខំចុះជួបប្រជាពលរដ្ឋអោយដល់ខ្នងផ្ទះ ដើម្បីសិក្សាពីបញ្ហា និងតម្រូវរបស់គាត់ពិត ចៀសវៀងអង្គុយជប់ពីក្នុងបន្ទប់ ជាហេតុធ្វើអោយកិច្ចការអភិវឌ្ឍន៍ខេត្តមិនទទួលបានជោគជ័យ។
ឯកឧត្តម បញ្ជាក់ថា ដើម្បីអោយរបាយការណ៍មានលក្ខណៈគ្រប់ជ្រុងជ្រោយ លុះត្រាតែមានការចូលរួមពិនិត្យ អោយបានត្រឹមត្រូវ ពីគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ ហើយរបាយការណ៍ត្រូវតែពិត ត្រឹមត្រូវ បង្ហាញពីសកម្មភាពជាក់ស្តែង និងកំណត់អោយបាននូវទិសដៅច្បាស់លាស់ ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន៕