រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពិភាក្សាលើការស្នើសុំឆ្វៀលដីរបស់រដ្ឋ ជូនប្រជាជន នៅមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ការធ្វើប្រទានកម្មដីរដ្ឋជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រប់គ្រងបាននូវផ្ទៃដីរបស់រដ្ឋ ព្រមទាំងកាត់បន្ថយបាននូវការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួន។ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពិភាក្សាស្តីពីករណីប្រជាពលរដ្ឋស្នើសុំឆ្វៀលដីចេញពីតំបន់ការពារ ធនធានធម្មជាតិ គម្របព្រៃឈើ និងច្រករបៀងជីវៈចម្រុះរបស់ក្រសួងបរិស្ថានក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គណៈភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍បញ្ចាក់ថា គណៈកម្មាធិការគ្រប់គ្រងរដ្ឋ និងពិនិត្យការធ្វើប្រទានកម្មដីជូនប្រជាពលរដ្ឋ ចំពោះតែប្រជាពលរដ្ឋ និងមន្ត្រីរាជការណាដែលបានគ្រប់គ្រងដីរបស់រដ្ឋយ៉ាងតិច១០ឆ្នាំប៉ុណ្ណោះ ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យពួកគាត់មានសិទ្ធិកាន់កាប់ដីទាំងនោះដោយស្របច្បាប់៕