ក្រុមហ៊ុនរបស់ចិន នឹងវិនិយោគរោងចក្រដុតសំរាម ប្រមាណ២១ម៉ឺនតោន ក្នុងមួយឆ្នាំដែលអាចផលិតថាមពលអគ្គីសនីជាង៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង
ខេត្តសៀមរាប៖ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន លើប្រតិបត្តិការរក្សាបរិស្ថាន ដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិត និងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញរបាយការណ៍ជូនឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងអ្នកពាក់ព័ន្ធ ព្រមទាំងមានការចូលរួពីលោក Zhang Xiaozhong ប្រធានការិយាល័យតំណាងខាងភាគីក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជានិងសហការី។
រោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គីសនី ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនចិន ( MIZUDA ) នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ (សៀមរាប-អង្គរ )នាពេលអនាគត ក្រោយពេលដែលគំរោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ។សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០តោន។តាមការបង្ហាញរបស់ក្រុមហ៊ុនខាងលើនេះ បានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ។
រោងចក្រនេះដែរក្នុង១ឆ្នាំរោងចក្រនេះ មានតម្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចផលិតជាថាមពលអគ្គីសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺន ២សែន គីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន។
ឯកឧត្តម អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គីសនីបានត្រឹមតែ១០%នៃត្រូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថានបានមួយកម្រិតទៀត។ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រមូលសម្រាម ការកំណត់តម្លៃលក់ថាមពល ការកំណត់ទីតាំងសាងសង់រោងចក្រនឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញ ក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជម្រុញល្បឿននៃកិច្ចដំណើរការ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន ៕