យុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ
ខេត្តកំពត៖នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គសចគ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ នៅក្នុងទីបរិវេណមន្ទីរសាធារណការខេត្តកំពត។
ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកស្នងការរង លោកអភិបាលក្រុងកំពត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋប្រមាណជា១៦០នាក់។
មានប្រសាសន៍ក្នុងពិធីដ៏មានអត្ថន័យនាព្រឹកនេះលោក អ៊ឹង ឆាយ អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ស្ថិតក្នុងស្ថានភាពទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជ្រកក្រោមម្លប់សន្តិភាព ទើបធ្វើឲ្យមានការរីកចម្រើនឥតឈប់ឈរ ទាំងស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត និងជីវភាពល្អប្រសើរ ធ្វើឲ្យមានកំណើន មធ្យោបាយយានយន្តកើនឡើងយ៉ាងគំហុកនាប៉ុន្នានឆ្នាំកន្លងទៅនេះផងដែរ។
ទន្ទឹមនឹងនេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ស្ថិតក្នុងកំណើនគួរឲ្យព្រួយបារម្ភ ដោយឡែកទីតាំងភូមិសាស្រ្តក្នុងខេត្តកំពតបានកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ចំនួន៨២ករណីក្នុងរយៈពេល៦ខែកន្លងមកនេះ។
ជាការពិតគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិត ការរងរបួស និងការបាត់បង់ទ្រព្យសម្បត្តិមានចំនួនច្រើនកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏បានបន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងទុរគតជន ដែលបណ្តាលឲ្យបាត់បង់ធនធានមនុស្ស ដែលជះឥទ្ធិពលផងដែរ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ៕