ពលរដ្ឋងាយរងគ្រោះចំនួន១៧០គ្រួសារ ស្រុកសៀមបូក ទទួលអំណោយ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងជា អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានដឹនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសៀមបូក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន១៧០គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាត មកពីភូមិចំនួន១០ នៃឃុំចំនួន៣ រួមមានៈឃុំស្រែក្រសាំង,ឃុំអូរម្រះ,ឃុំកោះសំពាយ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធាន បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល នារដូវវស្សានេះឲ្យបានទាន់ពេលវេលា និងចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា អំណោយកាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនដល់ បងប្អូនប្រជាពលរដ្ឋនាពលនេះ ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះទាំង១៧០គ្រួសារ ដោយក្នុង១ គ្រួសារទទួលបាននូវ អង្ករ៣០គីឡូក្រាម មី១កេស,ត្រីខ១យួរ,ឃីត១កញ្ចប់ និងថវិកាមួយចំនួនជូនដល់ចាស់ជរា និងជនពិការផងដែរ៕