ឯកឧត្ដម ម៉ែន វិបុល អញ្ជើញជួបសំណេះសំណាល និងនាំយក អំណោយមនុស្សធម៌ របស់សម្ដេច តេជោ ផ្ដល់ជូនដល់ពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ នៅក្នុងសង្កាត់គយត្របែក
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីក្រោមឱវ៉ាត ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ ក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិពលជំងឺកូវីដ-១៩ បានបណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូន ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។
ឯកឧត្តមអភិបាលខេត្តបន្តថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាត របស់បងប្អូនបានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូលមកដល់ហើយ បងប្អូនត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ក៏ដូចជាដាំដំណាំរួមផ្សេៗ ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ ឬរន្ទះជាដើម។
ទន្ទឹមនោះ ប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោក នាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើង ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើម្បីការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគ កូវីដ-១៩ ក្នុងនោះត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ដោយអនុវត្តឲ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
ម្យ៉ាងវិញទៀត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ធ្វើការអប់រំកូនចៅ ចៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។
អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារនៅពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ១៥គីឡូក្រាម ម៉ាសចំនួន១០ សាប៊ូប្រូធិច១ដុំ សាប៊ូលុច១កញ្ចប់ អំបិល១កញ្ចប់ ទឹកស៊ីអ៊ីវ១យួរ សារ៉ុង១ និងថវិកាចំនួន២ម៉ឺនរៀល។ដោយឡែក សមាជិកក្រុមប្រឹក្សា ស្មៀនសង្កាត់ ថ្នាក់ដឹកនាំភូមិ ប្រជាការពារ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងបុគ្គលិកមណ្ឌលសុខភាព សរុប៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងឧបត្ថម្ភអង្ករ១០០គីឡូក្រាម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែកផងដែរ ៕