ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២០។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពត ដោយមានអញ្ជើញចូលរួម ពីគណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត យោធភូមិភាគ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ ទីបញ្ជាការជួរមុខ នាយកដ្ឋាននគរបាលព្រំដែនទឹក នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុងស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្តសរុបចំនួន៧៩នាក់។
កិច្ចប្រជុំប្រព្រឹត្តិទៅតាមរបៀបវារៈដូចខាងក្រោម៖
១.មតិបើកអង្គប្រជុំដោយឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
២.ពិនិត្យ ពិភាក្សាលើសេចក្តីព្រៀងកំណត់ហេតុកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី២៦ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០
៣.ពិនិត្យពិភាក្សាលើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមិថុនា ឆ្នាំ២០២០
៤.ផ្សព្វផ្សាយលិខិតលេខ១៩៦ សជណ ចុះថ្ងៃទី០៨ ខេកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញការទប់ស្កាត់ ការកាប់ទន្ទ្រានយកដី ដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៅតាមខេត្តនានា
៥.សេចក្តីរាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តលើការងារអនុវត្តច្បាប់ចរាចរ បញ្ហាគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
៦.សេចក្តីរាយការណ៍របស់ឯកឧត្តម ប៉ឹល កុសល អភិបាលរងខេត្តស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវនៅតាមបណ្តោយមាត់សមុទ្រ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ
៧.សេចក្តីរាយការណ៍របស់ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តស្តីពីវឌ្ឍនភាព នៃការដោះស្រាយដីអតីតសាកលវិទ្យាល័យនរាយន៍ ស្រុកឈូក
៨.សេចក្តីរាយការណ៍របស់អភិបាលស្រុកទឹកឈូស្តីពីវឌ្ឍនភាពការចាក់ដីចូលព្រែកក្បាលរមាស ពីសំណាក់ក្រុមអនាធិបតេយ្យ និងសេចក្តីរាយការណ៍របស់ក្រុង ស្រុក
៩.បញ្ហាផ្សេងៗ
១០.មតិបូកសរុបរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បន្ទាប់ពីស្តាប់នូវរបាយការណ៍ និងការចូលរួមមតិក្នុងកិច្ចប្រជុំយ៉ាងផុលផុះរួចមក ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវការងារកន្លងមករបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ។
ទន្ទឹមនោះឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ១៩៣ សជណ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ សូមសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ចួននូវខ្លឹមសារនៃលិខិតនេះ ដោយអនុវត្តប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ហើយត្រូវពិនិត្យជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងត្រូវសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ ដើម្បីចូលរួមចំណែកថែរក្សាទ្រព្យសម្បត្តិរដ្ឋ និងធនធានធម្មជាតិកុំឲ្យមានការទន្ទ្រានកាន់កាប់ជាថ្មី៕