ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប
ខេត្តកែប៖នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក ឯកឧត្តម អ៊ុក ថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយ នាយរង និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន២៦៦នាក់ ក្នុងនោះផ្ទេរសម្រួលភារកិច្ចចំនួន៨៦នាក់។
ពីធីក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរៈសេនីយ៍ប្រតិភូអមដំណើរ តំណាងប្រធានសាលាដំបូងខេត្តកំពត កែប លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអធិការនគរបាលក្រុង ស្រុក ផងដែរ។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក ដែលបានផ្តាំផ្ញើរដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវរួមគ្នាបន្តខិតខំបំពេញការងារតាមជំនាញរៀងៗខ្លួន និងខ្លួនឯកឧត្តមផ្ទាល់ សូមកោតសរសើរ ដល់មន្ត្រីកងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំសម្រេចបានសមិទ្ធផលជាច្រើនក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រូវមានឥរិយាបទទន់ភ្លន់ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ទាន់ពេលវេលា និងត្រូវបន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកំរិតអប្បបរមា បន្ថែមពីនេះត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូ ដែលជាជំនឿជឿទុកចិត្តរបស់ប្រជាពលរដ្ឋគ្រប់ៗរូប នៅក្នុងមូលដ្ឋានខេត្តកែបផងដែរ។
បន្ថែមពីនេះឯកឧត្តម បានណែនាំឱ្យមន្ត្រីកងកម្លាំងទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងរក្សាអនាម័យជាប្រចាំដើម្បីបង្ការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល។
បន្ទាប់ពីសំណេះសំណាលឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ ជូននាយ នាយរង និងមន្ត្រីនគរបាលជាតិ ចំនួន១៨០នាក់ រួមមាន៖
១/ថ្នាក់វរសេនីយ៍ចំនួន៦៧រូប (វរសេនីយ៍ឯកចំនួន៦រូប ,វរសេនីយ៍ទោ ចំនួន៣៥រូប និងវរសេនីយ៍ត្រី ចំនួន២៦រូប)។
២/ថ្នាក់អនុសេនីយ៍ ចំនួន១១២រូប (អនុសេនីយ៍ឯកចំនួន៥២រូប ,អនុសេនីយ៍ទោចំនួន៣៤រូប និងអនុសេនីយ៍ត្រី ចំនួន២៦រូប)។
៣/ ថ្នាក់ព្រិន្ទបាលឯក ចំនួន១រូប៕