ឯកឧត្តម អភិបាលខេត្តកំពត ចុះជម្រុញទីផ្សារ និងទស្សនកិច្ចស្វែងយល់ កសិដ្ឋានចិញ្ចឹមមាន់ស្រែខ្នាតតូច រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ និងកសិដ្ឋានដាំចេកអំបូងលឿង
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ អញ្ជើញអមដំណើរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ ចុះជម្រុញទីផ្សារ និងទស្សនកិច្ចស្វែងយល់កសិដ្ឋានចិញ្ចឹមមាន់ស្រែខ្នាតតូច (AIMS) ,រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ និងកសិដ្ឋានដាំចេកអំបូងលឿង។
នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី អញ្ជើញទស្សនកិច្ចចំនួន៣ទីតាំង៖
១.កសិដ្ឋានចិញ្ចឹមមាន់ ស្ថិតភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ការចិញ្ចឹមមាន់ស្រែនេះ ជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រជាកសិករ ចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសការចិញ្ចឹមមាន់ស្រែ ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។ក្រសួងពាណិជ្ជកម្ម ធ្វើការសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗជូនប្រជាសហគមន៍ និងវិស័យឯកជន តាមរយៈការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែចង្វាក់ផលិតផលក្នុងស្រុក និងការតភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ ដើម្បីកាត់បន្ថយការនាំចូលទំនិញពីបរទេស សំដៅលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាធានាការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។
២.រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់របស់ក្រុមហ៊ុន 3PLe Farm Co. Ltd ស្ថិតនៅភូមិឈើទាល ឃុំជម្ពូរវ័ន្ត ស្រុកជុំគិរី ខេត្តកំពត ផលិតមាន់បានចំនួនប្រមាណ១,៥លានមាន់ ក្នុងមួយឆ្នាំ។បច្ចុប្បន្នក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមមាន់ មានសមត្ថភាពផ្ទុកមាន់បានចំនួន ៣៥០០០ក្បាល និងដែលគ្របដណ្ដប់លើដីទំហំ៨ហិកតា នៅភូមិព្រៃត្នោត ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរដល់ដំណើរការចង្វាក់ផលិតកម្ម និងស្តង់ដាអនាម័យ សុវត្ថិភាពសាច់នៅក្នុងរោងចក្រនេះ ព្រមទាំងលើកទឹកចិត្តឲ្យក្រុមហ៊ុនពង្រីកការផលិត និងចែកចាយផលិតផលរបស់ខ្លួន នៅតាមទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារបរទេស។
៣.កសិដ្ឋានដាំចេកអំបូងលឿងរបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ស្ថិតនៅភូមិជុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ការវិនិយោគ គឺជាការបណ្ដាក់ទុនវិនិយោគរួមគ្នា រវាងអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានកម្មករជាង៧០០នាក់ បម្រើការងារវេចខ្ចប់ និងដាំកូនចេកបានជាង៣០០ហិកតា ដោយការដាំដុះ និងថែទាំប្រកបដោយបច្ចេកទេសនិងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ដូចជាស្របតាមតម្រូវការនៃទីផ្សារនាំចេញ។
ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលនានាដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលដ៏ខ្លី ព្រមទាំងបានសាទរចំពោះភាពឆ្លាតវៃរបស់ក្រុមហ៊ុន ដែលបានចាប់យកឱកាសធ្វើការវិនិយោគ កសិដ្ឋានចំការចេកអំបូងលឿង ចំពេលដែលទីផ្សារចេកត្រូវបាននាំទៅប្រទេសចិន។សមិទ្ធផលនេះ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកសិកម្ម និងប្រែក្លាយវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្ម និងវិស័យឯកជនទៅជាកសិពាណិជ្ជករ រួមជាមួយការជម្រុញធ្វើទំនើបកម្មកសិកម្ម៕