ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប
ខេត្តកែប៖លោក សាម ណូក ត្រូវដាក់អោយចូលនិវត្តន៍ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងត្រូវតែងតាំង លោក ហេង ប្រាណ ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តជំនួសវិញ។ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍បែបនេះក្នុងឱកាសដែល ឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកែប។
ពីធីប្រកាសតែងតាំង និងចូលកាន់តំណែងនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងក្រុមយុវជនសរុបប្រមាណ២០០នាក់។
នាឱកាសនោះឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ចាក់ថា ការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរនាពេលនេះ គឺជាការប្រគល់ភារកិច្ចនិងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួន ត្រូវតែបញ្ចេញឱ្យអស់សមត្ថភាពលទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ការលំបាកនានាដែលកើតមានឡើងកន្លងមកហើយចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មីសំដៅធានាឱ្យបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុស ត្រូវចំពោះមុខក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ព្រមទាំងភារកិច្ចទាំងឡាយផ្សេងៗទៀតទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន៕