រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០១នាក់ទៀត លើបងប្អូនខ្មែរ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី០១នាក់ទៀត លើបងប្អូនខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។
ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ដែលទើបរកឃើញនេះ ជាបុរសជានជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាន នៅសង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅវេលាម៉ោង១៧និង២៥នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
វត្ថុសំណាកលើកទីបីរបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បច្ចុប្បន្នអ្នកជំងឺខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ចំពោះអ្នកដំណើរចំនួន៦៩នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្ត ក្នុងរាជធានីភ្នំពេញ៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមៈ