លោក ហ៊ុយ ទូច ប្រធានការិយាល័យ និងសហការី បានចុះពិនិត្យមើលខ្សែចង្វាក់ផលិតកម្ម ចិញ្ចឹមគោរបស់ប្រជាកសិករ
ខេត្តបន្ទាយមានជ័យ៖ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ សកម្មភាពការងារការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដែលបានចុះអនុវត្តមានដូចខាងក្រោម:
១-លោក ហ៊ុយ ទូច ប្រធានការិយាល័យ និងសហការីបានចុះពិនិត្យមើលខ្សែចង្វាក់ផលិតកម្មចិញ្ចឹមគោរបស់កសិករឈ្មោះ ស្រ៊ាង កំសត់ ដែលគាត់កំពុងអនុវត្តទៅតាមបែបផែនបច្ចេកទេស ក្នុងនោះមានដាំស្មៅ ០៤ ហិចតា (គោមេ ៤៨ ក្បាល និងបា ០៣ ក្បាល) ដែលមានទីតាំងនៅ ភូមិ អាងសិលាឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ចំពោះប្រាក់ចំណូលក្នុងមួយខែ គឺអាចបានពី ១ ៥០០ដុល្លារ ទៅ១ ៧០០ ដុល្លារ។
២-លោក ព្រឹក ហល់ ផ្នែកបសុព្យាបាល នៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រុក បានចុះជម្រុញកសិករឈ្មោះ ស៊ឹម ជំនិត ចិញ្ចឹមជ្រូកមេ និងជ្រូកសាច់ចំនួន ៧០ក្បាល ក្នុងគោលបំណង ចុះអនុវត្តខ្លឹមសារសារាចរណែនាំលេខ ២៦៥ សរណន.កសក ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលការចិញ្ចឹមរបស់គាត់ ជាការរួមចំណែកជួយទ្រទ្រង់ស្បៀងអាហារ ក៏ដូចជាឆ្លើយតបក្នុងពេលដែលកំពុងជួបវិបត្តិសាកលកូវីដ-១៩ នាពេលនេះ។
មន្រ្តីជំនាញបានណែនាំជាបច្ចេកទេសបន្ថែម លើការធ្វើជីវសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ ហាមអ្នកគ្មានភារកិច្ចចូលក្នុងកន្លែងចិញ្ចឹម ។
៣-ក្រុមអន្តរាគមបង្រ្កាបបទល្មើសសុខភាពសត្វ និងផលិតកម្មសត្វ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្វាយចេក ឃាត់ចាប់បានរថយន្ត០១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2ខ 5796 ផ្ទុកមាន់រស់ចំនួន៧00ក្បាល ស្មើនឹង១00តាកា (១តាកា ស្មើនឹង ៧ក្បាល) បន្ទាប់មកមន្រ្តីជំនាញនាំយកវត្ថុតាងខាងលើ មកកាន់ការិយាល័យ ដើម្បីអនុវត្តនីតិវិធីច្បាប់ជាបន្តទៀត៕