ឯកឧត្តម ម៉ែន វិបុល អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃសំណង់សាលាឃុំ ដែលសាងសង់រួចរាល់ និងកំពុងសាងសង់
ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះសាលាខេត្តរួមនឹងមន្ត្រីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃសំណង់សាលាឃុំ ដែលសាងសង់រួចរាល់ និងកំពុងសាងសង់ ព្រមទាំងបានជួបសំណេះសំណាលជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ ស្ថិតនៅសាលាឃុំសង្កែ សាលាឃុំកំពង់អំពិល ក្នុងស្រុករំដួល និងសាលាឃុំអណ្តូងពោធិ៍ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារអភិវឌ្ឍខេត្ត និងការផ្តាំផ្ញើដល់ក្រុមប្រឹក្សា ឲ្យខិតខំយកចិត្តទុកដាក់ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវតាមនីតិវិធី ចំគោលដៅ ចំមុខសញ្ញា ប្រកបដោយតម្លាភាពសម្រាប់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនដល់ក្រុមប្រឹក្សាឃុំ អំពីការចងក្រងប្រវត្តិខេត្ត ក្រុង ស្រុកដែលឯកឧត្ដមផ្ទាល់បានដឹកនាំរៀបចំរួចរាល់ហើយកាលពីពេលកន្លងមក ហើយបច្ចុប្បន្នកំពុងចងក្រង នូវសៀវភៅប្រវត្តិឃុំ សង្កាត់ក្នុងខេត្តស្វាយរៀងបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងទុកឲ្យកូនចៅជំនាន់ក្រោយសិក្សាស្វែងយល់ ព្រមទាំងតម្កល់ទុកនៅតាមបណ្ដាសាលាឃុំ សង្កាត់នីមួយៗផងដែរ ៕